(ភ្នំពេញ)៖ លោក លៀក លីដា ចាងហ្វាងផលិតកម្ម LD Picture បានបញ្ជាក់នៅថ្ងៃនេះឲ្យដឹងថា បុគ្គលិកទាំង៣នាក់របស់លោក ដែលបានឆ្លងជំងឺកូវីដ-១៩ នឹងត្រូវបញ្ចូនទៅព្យាបាលនៅមជ្ឈមណ្ឌលកោះពេជ្រ បានជាសះស្បើយទាំងអស់ហើយ ដោយបន្តធ្វើចត្តាឡីស័ក នៅតាមផ្ទះរៀងៗខ្លួន រយៈពេល១៤ថ្ងៃបន្ថែមទៀត។

ថ្លែងប្រាប់ Fresh News Plus នៅមុននេះបន្តិច លោក លៀក លីដា បានបញ្ជាក់ថា បុគ្គលិក៣នាក់របស់លោក ផ្នែកអ្នកកាន់កាមេរ៉ា និង Producer បានជាសះស្បើយពីជំងឺកូវីដ-១៩ ទាំងអស់គ្នាហើយ នៅថ្ងៃម្សិលមិញនេះ ដោយក្រុមគ្រូពេទ្យបានអនុញ្ញាតឲ្យចេញទៅផ្ទះរៀងៗខ្លួន។ នៅក្នុងអំឡុងពេលព្យាបាល ត្រូវបានលោកបញ្ជាក់ថា ក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់មើលថែបានយ៉ាងល្អ ពុំមានអ្វីចោទជាបញ្ហានោះទេ។

ជាមួយគ្នានេះ ជំនួសមុខឲ្យបុគ្គលិកទាំង៣នាក់ លោកក៏សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ក៏ដូចជាក្រុមគ្រូពេទ្យ ដែលបានខិតខំប្រឹងប្រែងជួយព្យាបាលសហការីរបស់លោក និងអ្នកជំងឺកូវីដ-១៩ ផ្សេងទៀតឲ្យជាសះស្បើយ និងបានត្រឡប់ទៅផ្ទះវិញ ប្រកបរបរចិញ្ចឹមជីវិត និងបំពេញការងារបានធម្មតាដូចដើម។

ដោយឡែក សម្រាប់ក្រុមហ៊ុនរបស់លោកដែលបានផ្អាកដំណើរការ រហូតមកដល់ពេលនេះ គឺមានតែផ្នែកដែលចំបាច់ខ្លះប៉ុណ្ណោះ អនុញ្ញាតឲ្យធ្វើការវិញ ពោលគឺមានមនុស្សតែ៣ទៅ៤នាក់ប៉ុណ្ណោះក្នុងក្រុមហ៊ុន ចំណែកបុគ្គលិកខ្លះទៀត ដែលមានពាក់ព័ន្ធជាមួយនឹងអ្នកជំងឺកូវីដ-១៩ គឺលោកពុំទាន់អនុញ្ញាតឲ្យចូលបំពេញការងារវិញឡើយ។

សូមបញ្ជាក់ថា បុគ្គលិករបស់ផលិតកម្ម DL Picture ចំនួន៣នាក់ ដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ នោះមានដូចជា ផ្នែក Camera Man ឈ្មោះ គង់ ឌីណា និង សុខឡេង និងផ្នែក Producer ម្នាក់ឈ្មោះ សឿន វិចិត្រ។ អ្នកទាំង៣ខាងលើ ត្រូវបានធ្វើតេស្តរកឃើញវិជ្ជាមានកូវីដ-១៩ កាលពីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ហើយត្រូវបានបញ្ជូនទៅព្យាបាលភ្លាមៗនៅកោះពេជ្រ ខណៈក្រុមហ៊ុន LD Picture ក៏ត្រូវបានប្រកាសផ្អាកសកម្មភាព មួយរយៈមកហើយដែរ៕