(ម៉ាណាម៉ា)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានធ្វើការវាយបកយកបាន ១គ្រាប់នៅវគ្គទី២ បើទោះបីជាចាញ់ក្រុមខ្លាំងអ៉ីរ៉ាក់ ៤-១ ក្នុងវគ្គជម្រុះព្រឹត្តិការណ៍ FIFA World Cup 2022 ដែលទើបបញ្ចប់នៅរាត្រីថ្ងៃចន្ទ ទី០៧ ខែមិថុនានៅឯប្រទេសបារ៉ែន។
ជំនួបជើងទី២ លើទឹកដីកណ្ដាលនេះ ក្រុមឈរចំណាត់ថ្នាក់ពិភពលោកលេខ ៦៨ អ៊ីរ៉ាក់ បានស៊ុតនាំមុខកម្ពុជា ១គ្រាប់មុនតាំងពីនាទីទី១ ដោយកីឡាករ Ali Mohanad មុនពួកគេបន្ថែម ២គ្រាប់ទៀត ដោយកីឡាករ Bashar Resan និងកីឡាករ Ali Adnan នៅនាទី២៤ និងនាទី២៧។
ចូលវគ្គទី២ ក្រុមគោព្រៃកម្ពុជា បានសហការគ្នាកាន់តែល្អប្រសើរ រហូតវាយបកបាន ១គ្រាប់វិញ នៅនាទី៥៥ ដោយខ្សែការពារ សឿយ វិសាល។ អ្វីដែលពិសេស គេឃើញលោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា បានផ្ដល់ឱកាសឲ្យកីឡាករវ័យក្មេងជាច្រើនរូប បង្ហាញខ្លួនក្នុងការប្រកួតដ៏ធំនេះ ពិសេសកីឡាករវ័យ ១៧ឆ្នាំ ឡេង ណូរ៉ា។
ប៉ុន្ដែគួរឲ្យសោកស្ដាយនៅចុងម៉ោង បន្ទាប់ពីការលើកបាល់ជ្រុង បានបង្កឱកាសឲ្យកីឡាករ Safaa Hadi តែតបំប៉ោងសំណាញ់ទីក្រុមជម្រើសជាតិកម្ពុជា ១គ្រាប់ទៀត នៅនាទី៩០+៣ ហើយអាជ្ញាកណ្ដាលក៏ផ្លុំកញ្ចែបញ្ចប់ការប្រកួត ដោយជ័យជម្នះបានទៅក្រុមជម្រើសជាតិអ៊ីរ៉ាក់ ក្នុងលទ្ធផលបច្ចេកទេស ៤-១ តែម្ដង។
នេះគឺជាបរាជ័យលើកទី៦ ក្នុងចំណោម ៧ប្រកួតរបស់ក្រុមគោព្រៃកម្ពុជា បន្ទាប់ពីប្រកួតបើកឆាកពូល C ស្មើក្រុមភ្ញៀវហុងកុង ១-១ កាលពីដើមខែកញ្ញា ឆ្នាំ២០១៩។ ប៉ុន្ដែមុនត្រឡប់មកមាតុភូមិវិញ ក្រុមជម្រើសជាតិកម្ពុជា នៅសល់ការប្រកួតបង្គ្រប់កិច្ចវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ១ប្រកួតទៀត ដោយត្រូវជួបក្រុមខ្លាំងអ៊ីរ៉ង់ នារាត្រីថ្ងៃទី១១ ខែមិថុនាខាងមុខ នៅប្រទេសបារ៉ែនដដែល៕