(សេអ៊ូល)៖ អតីតកីឡាករបាល់ទាត់កូរ៉េខាងត្បូង Yoo Sang-chul ដែលបានដើរតួក្នុងការជួយឲ្យប្រទេសរបស់ខ្លួន ឈានទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (World Cup) កាលពីឆ្នាំ២០០២ បានស្លាប់ហើយ បន្ទាប់ពីមានជំងឺមហារីកលំពែង ក្នុងវ័យអាយុ៤៩ឆ្នាំ, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១នេះ។

កីឡាករខ្សែបម្រើរូបនេះ គឺជាកម្លាំងស្នូលរបស់ក្រុមជម្រើសជាតិកូរ៉េខាងត្បូង នៅពេលដែលពួកគេធ្វើឱ្យពិភពលោក មានការភ្ញាក់ផ្អើល ក្រោមការដឹកនាំរបស់លោក Guus Hiddink ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០០២ ដែលប្រទេសនេះ បានធ្វើជាសហម្ចាស់ផ្ទះ ជាមួយប្រទេសជប៉ុន។

លោក Yoo បានស៊ុតបាល់បញ្ចូលទី ក្នុងការប្រកួតតទល់នឹងក្រុមប៉ូឡូញ ក្នុងការចាប់ផ្តើមប្រកួតវគ្គចែកពូល ជាមួយនឹងការទទួលបានជ័យជម្នះ ហើយក្រុមបានបន្តយកឈ្នះ លើក្រុមអ៊ីតាលី និងអេស្ប៉ាញ។

លោក Yoo បានចំណាយពេលវេលា១៦ឆ្នាំ ក្នុងការលេងនៅតាមក្លិបបាល់ទាត់ ក្នុងតំបន់អាស៊ី, លេងនៅលីគ J.League របស់ជប៉ុន និង K League របស់ប្រទេសលោក។

លោក ធ្លាប់បានធ្វើជាគ្រូបង្វឹក, ពេលថ្មីៗចុងក្រោយនេះ បានធ្វើនៅក្លិប Incheon United ក្នុងឆ្នាំ២០១៩, ប៉ុន្តែត្រូវបានគ្រូពេទ្យ ធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺមហារីកលំពែងដំណាក់កាលទី៤ នៅឆ្នាំនោះ ដែលបានបង្ខំឱ្យគាត់ចាកចេញពីតួនាទី តែប៉ុន្មានខែក្រោយមក៕