(លីវើភូល)៖ ខ្សែបម្រើប្រយុទ្ធ Georginio Wijnaldum ជិតផ្លាស់ទៅលេងឲ្យក្លិបបារាំង Paris Saint-Germain មែនទែនហើយ នៅពេលចប់កិច្ចសន្យាជាមួយហង្សក្រហម Liverpool នៅបំណាច់រដូវកាលនេះរួចមក។
ដំបូងឡើយ Wijnaldum ត្រូវបានគេរំពឹងថា នឹងទៅចូលរួមជាមួយក្លិបអេស្ប៉ាញ FC Barcelona ដោយមានអ្នកចាត់ការទូទៅរួមជាតិហូឡង់ដូចគ្នា លោក Ronald Koeman ដឹកនាំ តែចុងក្រោយគេសម្រេចជ្រើសរើស Paris ជំនួសវិញ។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃអង្គារ ទី០៨ ខែមិថុនា ឆ្នាំ២០២១។
វត្តមានរបស់អ្នកចាត់ការទូទៅ Mauricio Pochettino ក៏ជាកត្តាសំខាន់ក្នុងការនាំយកកីឡាករវ័យ ៣០ឆ្នាំ Wijnaldum ផងដែរ រួមទាំងតម្លៃពលកម្មត្រូវរ៉ូវបន្ថែមទៀត នៅក្រោយពេលរូបគេបានបដិសេធកិច្ចសន្យាថ្មីនៅទឹកដី Anfield នៅក្នុងខែមិថុនា ឆ្នាំ២០២១ ដែលមានលោក Jurgen Klopp ដឹកនាំ។
Wijnaldum ដែលមានឈ្មោះក្នុងក្រុមជម្រើសជាតិទឹកក្រូចហូឡង់ក្នុងព្រឹត្តិការណ៍ Euro 2020 នោះ បានចូលលេង ២៣៧ប្រកួតឲ្យហង្សក្រហម Liverpool ដោយជួយក្លិបឈ្នះជើងឯក Premier League និង UEFA Champions League ផងដែរ៕