(ចិន)៖ បន្ទាប់ពីមានរឿងអាស្រូវ ពីបទគេចពន្ធមក កំពូលតារាសម្តែងចិនល្បីឈ្មោះអ្នកនាង ហ្វាន ពីងពីង (Fan Bingbing) ត្រូវបានគេមើលឃើញថា កម្របង្ហាញខ្លួនជាសាធារណៈណាស់ ហើយបើពេលណារូបនាងបង្ហាញវត្តមានម្ដងៗ គឺបានបង្ករការចាប់អារម្មណ៍ខ្លាំងដល់មហាជន អ្នកតាមដានសិល្បៈតែម្តង។ អាចនិយាយបានថា ជាការបង្ហាញវត្តមានដ៏កម្រ ដោយនាងបានចូលរួមកម្មវិធីខួបគម្រប់ ១០ឆ្នាំរបស់ទស្សនាវដ្ដីល្បីមួយ ក្នុងដើមខែមិថុនានេះ។ នេះបើតាមគេហទំព័រព័ត៌មានបរទេស hawtcelebs ដែលបានបង្ហាញសកម្មភាពថ្មីៗ របស់តារាស្រីរូបនេះជាច្រើន។

តារាសម្ដែង Fan Bingbing និង តារាប្រុសស្រីចិនល្បីៗជាច្រើន បានចូលរួមបង្ហាញវត្តមាន ក្នុងកម្មវិធីខួបគម្រប់១០ឆ្នាំរបស់ទស្សនាវដ្ដី «Wonderland» នៅទីក្រុងសៀងហៃ កាលពីថ្ងៃទី៥ខែ ខែមិថុនា កន្លងទៅថ្មីៗនេះ ។ តាមរយៈការបង្ហាញខ្លួនដ៏កម្រនេះ Fan Bingbing ត្រូវគេមើលឃើញថា នាងបានគ្រងរ៉ូបពណ៌បៃតងវែងអូសដី មិនមានម៉ូតអ្វីគួរឲ្យចាប់អារម្មណ៍ច្រើនដូចរាល់ដងឡើយ។ ប៉ុន្តែបើក្រឡេកមកមើលពីរូបសម្រស់ ទឹកមុខរបស់នាងវិញ គឺនៅតែទាក់ទាញនិងស្រស់ស្អាតដូចមុនដដែល។

គួរជម្រាបថា តួឯកស្រីក្នុងរឿង «មហិច្ឆតាអ៊ូម៉ីនាង» រូបនេះ ចាប់តាំងពីផ្ទុះរឿងអាស្រូវគេចវេះមិនបង់ពន្ធមក ត្រូវបានគេសង្កេតឃើញថា ហាក់មិនទាន់មានផលិតកម្មណាមួយទាក់ទង ឲ្យសម្ដែងភាពយន្តថ្មីនៅឡើយ ហើយភាពយន្តទាំងប៉ុន្មានកន្លងមកដែលនាងបានថតរួច ក៏នៅតែមិនអាចចាក់ផ្សាយបានដែរ។ គេមិនទាន់ដឹងនៅឡើយទេថា តើការងារសិល្បៈរបស់តារាល្បីដែលធ្លាប់តែលេចធ្លោររូបនេះ ទៅជាយ៉ាងណា ត្បិតតារាជាច្រើនមានការងារសិល្បៈគដូចភ្នំ តែសម្រាប់តារាល្បីរូបនេះហាក់មិនមានសកម្មភាពអ្វី គួរឲ្យកត់សម្គាល់ឡើយ៕