(អាមេរិក)៖ លោក Jeff Bezos កំពូលមហាសេដ្ឋីមានទ្រព្យច្រើនជាងគេនៅលើពិភពលោក បានប្រកាសថានឹងធ្វើ ដំណើរ ទៅកាន់លំហអាកាសនៅខែក្រោយជាមួយនឹងយានរបស់ក្រុមហ៊ុន Blue Origin ដែលជារបស់លោកផ្ទាល់ នៅក្នុង បេសកកម្មដឹកជញ្ជូនអ្នកដំណើរការទៅកាន់លំហអាកាសជាលើកដំបូង។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bloomberg នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ស្ថាបនិក ក្រុមហ៊ុនលក់ទំនិញយក្សរូបនេះ គ្រោងធ្វើដំណើរកម្សាន្តទៅលើលំហអាកាសនៅសប្ដាហ៍ក្រោយ ដោយតាមគម្រោង គឺ នៅថ្ងៃទី២០ ខែកក្កដា។
កាលពីថ្មីៗនេះ ក្រុមហ៊ុន Blue Origin ត្រូវបានគេដឹងថាបានប្រកាសលក់សំបុត្រសម្រាប់ធ្វើដំណើរកម្សាន្តទៅកាន់ លំហអវកាសតាមរយៈយានអវកាស New Shepard ក្រោយពីចំណាយពេលរាប់ឆ្នាំក្នុងការអភិវឌ្ឍ និងធ្វើតេស្តយានអវកាសមួយនេះ។
តម្លៃសំបុត្រមិនត្រូវបានគេប្រកាសឱ្យដឹងនោះទេ ជាពិសេសគឺវាត្រូវបានគេលាក់ការយ៉ាងសម្ងាត់បំផុតផងដែរ ប៉ុន្តែកាល ពី ប៉ុន្មានឆ្នាំមុន ធ្លាប់មានព័ត៌មានលេចធ្លាយមកថា តម្លៃសំបុត្រនោះថ្លៃយ៉ាងហោច ២សែនដុល្លារ សម្រាប់អ្នកដំណើរម្នាក់។
គួរបញ្ជាក់ថា យានអវកាស New Shepard របស់ក្រុមហ៊ុន Blue Origin ដែលមានលក្ខណៈរួមផ្សំបញ្ចូលគ្នាតែម្តង រវាងយានសម្រាប់ជិះធ្វើដំណើរ និងគ្រាប់រ៉ុក្កែត ត្រូវបានរចនាឡើងដើម្បីដឹកជញ្ជូនអ្នកដំណើរ បានសរុបចំនួន ០៦នាក់ ដោយស្វ័យប្រវត្តិ ឡើងទៅកាន់រយៈកម្ពស់ជាង ១០០គីឡូម៉ែត្រពីផ្ទៃផែនដី ដែលល្មមអាចឲ្យភ្ញៀវទេសចរនៅក្នុងយានអវកាស អាចទទួលបានបទពិសោធន៍ នៅក្នុងបរិស្ថានដែលគ្មានកម្លាំងទំនាញ និងមើលឃើញរាងកោងនៃភពរបស់យើង មុនពេលយាន New Shepard ចុះមកផ្ទៃផែនដីវិញដោយប្រើឆ័ត្រយោង៕