(ប៉ារីស)៖ កីឡាករខ្សែបម្រើប្រយុទ្ធ Georginio Wijnaldum បានព្រមព្រៀងចុះកិច្ចសន្យាលេងឲ្យក្លិបថ្មី Paris Saint-Germain រយៈពេល ៣ឆ្នាំទៅមុខទៀត ក្រោយចប់កិច្ចសន្យារយៈពេល ៥ឆ្នាំជាមួយក្លិបអង់គ្លេស ហង្សក្រហម Liverpool នៅបំណាច់រដូវកាលនេះ។
កីឡាករអន្តរជាតិហូឡង់ វ័យ ៣០ឆ្នាំខាងលើនេះ បានឈ្នះពាន Premier League និង UEFA Champions League នៅទឺកដី Anfield ជាមួយ Liverpool ក្នុងរយៈពេល ៥ឆ្នាំរបស់គេ មុនពេលជជែកពិភាក្សាពីកិច្ចសន្យាថ្មីត្រូវបានបរាជ័យ។
ក្រោយពីចុះកិច្ចសន្យារួច Wijnaldum បានថ្លែងប្រាប់ BBC ថា «ខ្ញុំបានចូលរួមជាមួយក្លិបដ៏ធំបំផុតមួយនៅអឺរ៉ុប ហើយខ្ញុំចង់នាំយកអ្វីៗដែលខ្ញុំមាន និងការប្តេជ្ញាចិត្ត ដើម្បីសម្រេចគោលដៅក្នុងក្លិបនេះ»។
នៅចាំបានថា Wijnaldum បានផ្លាស់ពីក្លិបរួម Premier League, Newcastle United ក្រោមតម្លៃផ្ទេរ ២៥លានផោនកាលពីឆ្នាំ២០១៦ ដើម្បីមកចូលរួមជាមួយ Liverpool មុន Paris ចុះកិច្ចសន្យារយៈពេល ៣ឆ្នាំលេងនៅ Parc des Princes ដោយមិនអស់ថ្លៃទិញ។
អតីតកីឡាករនៃក្លិបក្នុងស្រុក Feyenoord និង PSV Eindhoven ផងនោះ ចូលលេងបាន ២៣៧ប្រកួតសម្រាប់ Liverpool ជួយឲ្យក្រុមដែលដឹកនាំដោយអ្នកចាត់ការទូទៅសញ្ជាតិអាល្លឺម៉ង់ Jurgen Klopp ឈ្នះជើងឯក Champions League ក្នុងឆ្នាំ២០១៩ និងពាន Premier League នៅឆ្នាំបន្ទាប់៕