(អាមេរិក)៖ ក្រុមហ៊ុន Apple បានជួលអ្នកខ្លាំង និងជំនាញមួយរូបដែលជាអតីតបុគ្គលិកជាន់ខ្ពស់នៅក្នុងក្រុមហ៊ុន BMW ឱ្យជួយជ្រោមជ្រែងគម្រោងផលិតរថយន្តរបស់ខ្លួនឱ្យដំណើការទៅមុខ និងសម្រេចបានតាមគោលដៅ។ នេះបើយោងតាម ការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។
លោក Ulrich Kranz អតីតបុគ្គលិកជាន់ខ្ពស់នៅក្នុងក្រុមហ៊ុនផលិតរថយន្ត BMW ត្រូវបានក្រុមហ៊ុន Apple ជួលឱ្យ ធ្វើ ការលើគម្រោងផលិតរថយន្ត ដែលនឹងគ្រោងប្រកាសបង្ហាញជាផ្លុវការនៅឆ្នាំ២០២៤។ លោក Ulrich Kranz នឹងត្រូវ ធ្វើ ការ ជាមួយលោក Doug Field ដែលជាអតីតអ្នកដឹកនាំការផលិតរថយន្ត Model 3 របស់ក្រុមហ៊ុន Tesla ហើយអ្នកទាំងពីរ នឹងត្រូវចាប់ដៃជាមួយក្រុមហ៊ុនមួយចំនួនទៀតដើម្បីជំរុញការផលិតរថយន្តរបស់ Apple ឱ្យដំណើរការទៅបានដោយរលូន។
ក្រុមហ៊ុន Apple បានប្រកាសពីគម្រោងផលិតរថយន្តកាលពីដើមឆ្នាំ២០២០ ក៏ពិតមែន ប៉ុន្តែគម្រោងមួយនេះគឺស្ថិតនៅក្នុង អាថ៍កំបាំង ព្រោះគេមិនទាន់ដឹងថា តើ Apple នឹងផលិតរថយន្តដោយខ្លួនឯង ឬផលិតតែ Software សម្រាប់ ភ្ជាប់ ជាមួយ រថយន្ត ឬមួយយ៉ាងណានោះទេ។
គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ មានព័ត៌មានធ្លាយមកថា ក្រុមហ៊ុន Apple បានជួបពិភាក្សាជាមួយនឹងក្រុមហ៊ុនផលិត អាគុយ សម្រាប់រថយន្តអគ្គិសនីធំៗចំនួនពីររបស់ចិន ហើយគ្រោងនឹងជួបជាមួយក្រុមហ៊ុនមួយចំនួនទៀតដែលស្ថិតនៅក្នុង
ឧស្សាហកម្មយានយន្ត៕