(ភ្នំពេញ)៖ ដើម្បីជួយសម្រួលដល់ក្រុមគ្រួសារកម្ពុជា ក្នុងការរៀបចំផែនការហិរញ្ញវត្ថុ សម្រាប់ទប់ទល់នឹងចំណាយលើការដោះស្រាយបញ្ហាសុខភាព ដែលមិនបានរំពឹងទុក បណ្តាលមកពីជំងឺឆ្លងគ្រុនឈាម និងគ្រុនចាញ់ ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានប្រកាសចេញលក់ផលិតផលធានារ៉ាប់រង «មូសសុំចាញ់» ដែលមានតម្លៃទាបតែអាចជួយបន្ធូរបន្ថយ បន្ទុកចំណាយដល់អ្នកដែលត្រូវ បានធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺគ្រុនឈាម និងគ្រុនចាញ់។

ក្រុមហ៊ុនឈានមុខគេក្នុងការផ្ដល់សេវាថែរក្សាសុខភាព និងការធានារ៉ាប់រងតាមប្រព័ន្ធឌីជីថល បានមើលឃើញថារដូវវស្សាបានឈានចូលមកដល់ ដែលជាការព្រួយបារម្ភមួយអាចនឹងកើតមានឡើងប្រសិនបើមិនបានរៀបចំទុកជាមុន ដូច្នេះទើបក្រុមហ៊ុនបានពាំនាំមកនូវក្តីបារម្ភអំពីការឆ្លងជំងឺគ្រុនឈាម និងគ្រុនចាញ់មកដល់ប្រជាជន តាមរយៈផលិតផលធានារ៉ាប់រងមានតម្លៃសមរម្យលើប្រព័ន្ធឌីជីថលដំបូងបង្អស់នៅកម្ពុជានេះ។

បេសកកម្មរបស់ព្រូដិនសល គឺធ្វើឲ្យប្រជាជនកម្ពុជាអាចទទួលបានការធានារ៉ាប់រងសុខភាពទាំងអស់គ្នា ហើយការដាក់ចេញនូវផលិតផលធានារ៉ាប់រង មូសសុំចាញ់ ដែលមានតម្លៃចាប់ពី ៤ដុល្លារក្នុងមួយឆ្នាំនេះ គឺជាឧទាហរណ៍ជាក់ស្ដែងមួយនៃការបំពេញបេសកកម្មផងដែរ។

លោក Sanjay Chakrabarty អគ្គនាយកនៃក្រុមហ៊ុនព្រូដិនសលកម្ពុជា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ឱកាសសាកល្បងមួយសម្រាប់ប្រជាជនកម្ពុជា ក្នុងការគិតគូពីការការពារសម្រាប់ក្រុមគ្រួសារ ដោយចាប់ផ្តើមពីការធានារ៉ាប់រងទៅលើសុខភាព ហើយក្រុមហ៊ុនក៏រីករាយក្នុងការផ្តល់ជូននូវជម្រើសនៃការការពារជាច្រើន ដើម្បីសុខភាព និងសុខុមាលភាពផ្នែកហិរញ្ញវត្ថុរបស់ពួកគាត់។

ផលិតផលថ្មីនេះផ្ដល់ជូនជា ៤កញ្ចប់ដែលមានអត្ថប្រយោជន៍ផ្សេងៗពីគ្នា សម្រាប់អតិថិជនជ្រើសរើស និងមានតម្លៃសមរម្យស្របទៅតាមតម្រូវការជាក់ស្ដែងនៃគ្រួសារនីមួយៗ។ មានដាក់លក់នៅក្នុងកម្មវិធីទូរស័ព្ទ Pulse របស់ក្រុមហ៊ុនព្រូដិនសល
ក្រុមហ៊ុនព្រូដិនសលកម្ពុជា ដាក់លក់ផលិតផលធានារ៉ាប់រង មូសសុំចាញ់ នៅក្នុងកម្មវិធី Pulse by Prudential (Pulse) ដែលជាកម្មវិធីសុខភាព និងសុខុមាលភាពលើទូរស័ព្ទដៃ។ ផលិតផលធានារ៉ាប់រង មូសសុំចាញ់ អាចលក់ជូនប្រជាជននៅកម្ពុជា ដែលមានអាយុពី ១ឆ្នាំ រហូតដល់ ៦០ឆ្នាំ ហើយអតិថិជនអាចបន្តសុពលភាពបណ្ណសន្យារ៉ាប់រងដែលបានទិញនោះក៏បាន ឬមួយទិញផលិតផលនេះជាថ្មីក៏បាន ជារៀងរាល់ឆ្នាំ។

កម្មវិធី Pulse ត្រូវបានដាក់ឲ្យប្រើប្រាស់កាលពីខែតុលាឆ្នាំមុន ស្របទៅតាមយុទ្ធសាស្រ្តទូទាំងតំបន់នៃក្រុមហ៊ុនព្រូដិនសល ក្នុងគោលបំណងធ្វើឲ្យការផ្ដល់សេវាថែរក្សាសុខភាព បានទៅដល់ដៃប្រជាជនគ្រប់រូបកាន់តែទូលំទូលាយ និងមានតម្លៃសមរម្យ។ កម្មវិធីនេះផ្ដល់ជូនប្រជាជនកម្ពុជាទាំងអស់ នូវសេវាថែរក្សាសុខភាពទាន់ពេលវេលា និងព័ត៌មានសុខភាពនាពេលបច្ចុប្បន្ន និងមុខងារថ្មីៗផ្សេងទៀតនៅក្នុងពេលបន្តបន្ទាប់ខាងមុខ។

លោក Sanjay Chakrabarty បានបញ្ជាក់ទៀតថា «គម្រោងធានារ៉ាប់រងដំបូងដែលផ្ដល់ជូនតាមរយៈកម្មវិធីនេះ យើងមានបំណងចង់ឲ្យប្រជាជនមានលទ្ធភាពទទួលបានសេវាថែរក្សាសុខភាព និងអាចទិញគម្រោងធានារ៉ាប់រងដ៏សាមញ្ញពីគ្រប់ពេលវេលា និងគ្រប់ទីកន្លែងបាន»

ដើម្បីទិញ ផលិតផលធានារ៉ាប់រង មូសសុំចាញ់ កញ្ចប់ណាមួយ អតិថិជនត្រូវទាញយកកម្មវិធី Pulse ពី Apple App Store ឬ Google Play Store ជាមុនសិន រួចចូលទៅកាន់មុខងារលក់ផលិតផលអេឡិកត្រូនិកឈ្មោះ PRU Shoppe ដើម្បីបញ្ជាទិញ។

សូមបញ្ចាក់ផងដែរថា Pulse by Prudential គឺជាកម្មវិធីសុខភាពលើទូរស័ព្ទដៃ ប្រជុំទៅដោយមុខងារដ៏សម្បូរបែបជាច្រើន ហើយជាកម្មវិធីដំបូងបង្អស់នៅក្នុងតំបន់ ដែលផ្ដល់ទិដ្ឋភាពទាំងមូលនៃការគ្រប់គ្រងសុខភាពជូនដល់អ្នកប្រើប្រាស់។ កម្មវិធីដែលដំណើរការដោយយន្តបញ្ញានិមិត្ត (AI-Powered) និងផ្ដល់ព័ត៌មានពាក់ព័ន្ធទាន់ពេលវេលាមួយនេះ នឹងជាដៃគូដែលតែងតែនៅជាមួយអ្នកប្រើប្រាស់គ្រប់ពេលវេលា ដើម្បីសុខភាពនិងសុខុមាលភាព ហើយថែមផ្ដល់លទ្ធភាពជូនពួកគាត់ឲ្យអាចបង្ការ ពន្យារ និងទទួលបានការការពារលើការចាប់ផ្ដើមនៃជំងឺនានាទៀតផង។

Pulse គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តទូទាំងតំបន់នៃក្រុមហ៊ុនព្រូដិនសល ដែលមានគោលបំណងធ្វើឲ្យប្រជាជនគ្រប់រូបក្នុងទ្វីបអាស៊ីអាចមានលទ្ធភាពទទួលបានសេវាថែរក្សាសុខភាពដែលល្អ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងកិច្ចសហការជាមួយដៃគូដ៏ល្អៗជាច្រើន។ បន្ទាប់ពីដាក់ឲ្យប្រើប្រាស់នៅប្រទេសម៉ាឡេស៊ីកាលពីខែសីហា ២០១៩ កម្មវិធី Pulse បច្ចុប្បន្ននេះ ក៏ត្រូវបានដាក់ឲ្យប្រើប្រាស់នៅក្នុងបណ្ដាប្រទេសចំនួន ១១ថែមទៀត ហើយមានដាក់បញ្ចូលមុខងារល្អៗជាច្រើនដូចជា មុខងារពិនិត្យរោគសញ្ញា (Symptom Checker) ការវាយតម្លៃលើសុខភាព (Health Assessment) សេវាសុខុមាលភាពបុគ្គល និងការពិគ្រោះយោបល់តាមវីដេអូជាមួយវេជ្ជបណ្ឌិត និងគ្រូពេទ្យឯកទេស។

ចាប់តាំងពីបានដាក់ឲ្យប្រើប្រាស់រៀងមក Pulse មានអ្នកទាញយកមកប្រើប្រាស់ចំនួន ៩លានដងហើយនៅក្នុងទ្វីបអាស៊ី។ Pulse អាចទាញយកពី Apple App Store ឬ Google Play Store ក្នុងបណ្ដាប្រទេសដូចជា កម្ពុជា ហុងកុង ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ភូមា ហ្វីលីពីន សឹង្ហបុរី តៃវ៉ាន់ និងវៀតណាម។ សម្រាប់ព័ត៌មានបន្ថែម និងដើម្បីទាញយក Pulse សូមចូល www.wedopulse.com