(រ៉ូម)៖ ក្រុមបាល់ទាត់ជម្រើសជាតិអាសូរីអ៉ីតាលី បានឡើងទៅឈរនៅកំពូលតារាងនៃពូល A ជាបណ្តោះអាសន្នជាមួយ ៣ពិន្ទុពេលនៅថ្ងៃបើកឆាកពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Euro 2020 ពេលបំបាក់ក្រុមភ្ញៀវតួកគី ៣-០ នៅរំលងអាធ្រាត្រឈានចូលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១។

ខ្សែប្រយុទ្ធ Ciro Immobile ជ្រើសរើសចេញពីក្លិបអាជីព Lazio និង Insigne មកពីក្លិប Napoli រកបានម្នាក់ ១គ្រាប់ក្នុងវគ្គទី២ នៅក្រោយពេលខ្សែការពារ Demiral ធ្វេសប្រហែសចូលទីខ្លួនឯងនៅនាទី៥៣ ដ្បិតការប្រកួតវគ្គទី១ មានលទ្ធផល ០-០ ក្នុងកីឡដ្ឋាន Stadio Olimpico ស្ថិតក្នុងទីក្រុង Rome ប្រទេសអ៉ីតាលី។

នេះក៏ជាជ័យជម្នះលើកទី៩ ក្នុងចំណោមជួបតួកគី ១២លើកមិនដែលចាញ់ និងស្មើ ២ដងជាមួយក្រុមនៅអឺរ៉ុបដូចគ្នាខាងលើនេះ។ អ៉ីតាលី នឹងត្រូវប៉ះស្វីសក្នុងប្រកួតទី២ របស់ពួកគេក្នុងពូល A នៅរាត្រីថ្ងៃពុធសប្តាហ៍ក្រោយនៅក្នុងទីក្រុង Rome នេះដដែល គ្រាដែលតួកគីត្រូវជួបវ៉េល នៅថ្ងៃជាមួយគ្នាស្ថិតក្នុងទីក្រុង Baku ប្រទេសអាហ្សឺបៃហ្សង់។

តែយ៉ាងណា វ៉េលដែលមានកីឡាករសំខាន់ Gareth Bale ក៏ត្រូវប៉ះស្វីស ពី១ប្រកួតបើកឆាកប្រចាំពូល A របស់ពួកគេផងដែរនារាត្រីម៉ោង ២០៖០០នាទីថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១ នេះ៕