(ជប៉ុន)៖ បុគ្គលិកធ្វើការរៀបចំនឹងកម្មករនៃព្រឹត្តិការណ៍ Tokyo Olympics ប្រមាណ១៨.០០០នាក់ ក្នុងនោះរួមបញ្ចូលទាំងមន្ត្រីអាជ្ញាកណ្តាល និងអ្នកស្ម័គ្រចិត្តផងនោះ នឹងទទួលបានការចាក់វ៉ាក់សាំង បង្ការជំងឺ COVID-19 នៅសប្តាហ៍ក្រោយ, នេះបើតាមការបញ្ជាក់ពីអ្នករៀបចំកម្មវិធី បានឲ្យដឹងនាថ្ងៃសុក្រនេះ, ខណៈពួកគេកំពុងព្យាយាមកសាងទំនុកចិត្ត ដែលថាព្រឹត្តិការណ៍កីឡានេះ នឹងធ្វើឡើងដោយសុវត្ថិភាព, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ។

ជាមួយនឹងការនៅសល់រយៈពេល៦សប្តាហ៍ទៀត រហូតដល់ថ្ងៃបើកការប្រកួតព្រឹត្តិការណ៍កីឡា ដែលត្រូវបានពន្យារពេល ដោយសារតែការរីករាលដាល នៃជំងឺ COVID-19 នោះ, ក្រុមមន្ត្រីនៅតែកំពុងប្រយុទ្ធប្រឆាំងនឹងការប្រឆាំងក្នុងស្រុក និងភ័យព្រួយថា ព្រឹត្តិការណ៍នេះ អាចនឹងបណ្តាលឲ្យមានការរីករាលដាល នៃមេរោគឆ្លងនេះ។

កម្មវិធីចាក់វ៉ាក់សាំងរបស់ជប៉ុន ហាក់មានភាពយឺតយ៉ាវក្នុងការចាប់ផ្តើម ខណៈមានតែ៤ភាគរយប៉ុណ្ណោះ នៃអត្រាប្រជាជនរបស់ខ្លួន បានទទួលការចាក់វ៉ាក់សាំងពេញលេញ ជាមួយនឹង១៣ភាគរយ បានទទួលវ៉ាក់សាំងដូសទី១។

លោកស្រី Seiko Hashimoto ប្រធាន Tokyo 2020 បានលើកឡើងថា លោកស្រីរំពឹងថា វ៉ាក់សាំងនឹងអនុញ្ញាតឲ្យសមាកជិកបុគ្គលិក ចូលរួមក្នុងប្រតិបត្តិការព្រឹត្តិការណ៍ Tokyo Olympics ជាមួយនឹងសន្តិភាពផ្លូវចិត្តដោយមានទំនុកចិត្ត ហើយលោកស្រី Hashimoto ក៏បានបញ្ជាក់បន្ថែមទៀតថា ការចាក់វ៉ាក់សាំង នឹងចាប់ផ្តើមនៅថ្ងៃទី១៨ ខែមិថុនា ខណៈដែលការចាក់វ៉ាក់សាំងដូសទី២ នឹងត្រូវចប់រួចរាល់ នៅមុនពិធីបើកព្រឹត្តិការណ៍ Tokyo Olympics នាថ្ងៃទី២៣ ខែកក្កដា៕