(សានភីធើស្បើក)៖ ខ្សែបម្រើប្រយុទ្ធសំខាន់ Kevin de Bruyne នឹងខកខាន ១ប្រកួតបើកឆាកពានអឺរ៉ុប Euro 2020 របស់គេ ដោយសារបញ្ហារបួសច្រមុះ និងភ្នែកពុំទាន់ជាសះស្បើយស្រួលបួល។

របួសច្រមុះ និងភ្នែកដែលទទួលរងកាលប្រកួតផ្តាច់ព្រ័ត្រពាន UEFA Champions League ទល់នឹង Chelsea កាលចុងខែឧសភាមកនោះ បានអូសបន្លាយដល់កីឡាករនៃក្លិបមេឃខៀវ Manchester City ពុំទាន់ជាសះស្បើយ ១០០%ឡើយ តែបានរួមដំណើរជាមួយជម្រើសជាតិទៅប្រទេសរុស្ស៊ី ដើម្បីប្រកួត Euro 2020 នៅទីនោះ។

១ប្រកួតបើកឆាករបស់ក្រុមបិសាចក្រហម ប៊ែលហ្សិកនៅ Euro 2020 ត្រូវប៉ះម្ចាស់ផ្ទះរុស្ស៊ីនារាត្រីនេះម៉ោង ០២៖០០នាតីរំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា) នៃវគ្គសន្សំពិន្ទុប្រចាំពូល B ក្រោយពេលដាណឺម៉ាក ប៉ះហ្វាំងឡង់នៅម៉ោង ២៣៖០០នាទីយប់។

ក្រៅពី De Bruyne អវត្តមាន ខ្សែបម្រើដូចគ្នាមកពីក្លិប Borussia Dortmund, Axel Witsel ក៏នឹងខកខានប្រកួតដំបូងដូចគ្នាជាមួយក្រុមរបស់លោក Roberto Martinez ដោយសារមានបញ្ហាជំងឺផ្តាសាយ គ្រាដែលខ្សែបម្រើរុស្ស៊ី Andrei Mostovoy បានតេស្តវិជ្ជមាននៃជំងឺ COVID-19៕