(បាគូ)៖ ក្រុមជម្រើសជាតិវ៉េល ដែលមានកីឡាករសំខាន់ Gareth Bale នឹងជួបប្រកួតឆាក Euro 2020 របស់ពួកគេទល់នឹងស្វីស នាម៉ោង ២០៖០០នាទីយប់ថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១ នេះពីវគ្គសន្សំពិន្ទុប្រចាំពូល A ក្រោយពេលពួកគេបានយកឈ្នះស្វីស ២-០ ពីការជួបគ្នាចុងក្រោយ។

វ៉េល ធ្លាប់មានប្រវត្តិជួបស្វីស ៧ដងនាពេលកន្លងមក តែពួកគេទទួលបានជ័យជម្នះតែ ២ដងគត់ ក្រៅពីចាញ់ស្វីស ៥ដង មិនដែលស្មើឡើយ។ ក្រុមទាំងពីរពុំមានប្រវត្តិជួបគ្នានៅ World Cup ឡើយ តែមានក្នុងមិត្តភាពអន្តរជាតិ និងពានអឺរ៉ុប UEFA Euro នេះ។

វ៉េល ដែលឈរនៅចំណាត់ថ្នាក់លេខ១៧ ក្នុង FIFA World Ranking និងជាក្រុមមួយដែលធ្វើបានល្អកាលពី Euro 2016 ដែលបានឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដ្បិតចាញ់ព័រទុយហ្គាល់ក៏ដោយ ក្នុងការបង្ហាញខ្លួនលើកដំបូងក្នុងជុំផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ដែលមានរយៈពេល ៤ឆ្នាំម្តងនេះ។

ចំណែកឯស្វីស ដែលឈរនៅក្នុងតារាងចំណាត់ថ្នាក់ទី១៣ ពិភពលោកវិញនោះ នេះគឺជាការចូលរួម Euro លើកទី៥ របស់ពួកគេចាប់ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០២១ នេះ ក្នុងនាមជាក្រុមមិនទាន់ឈ្នះពាននេះដូចទៅនឹងវ៉េលផងដែរ៕