(ភ្នំពេញ)៖ កម្ពុជាបានរក្សាជំហរដ៏រឹងមាំក្នុងការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ តាមផែនការរបស់ខ្លួនដោយមិនរង់ចាំការប្រែប្រួល នៃការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២១ នៅប្រទេសវៀតណាមឡើយ។ ការប្រកាន់ជំហរនេះ ត្រូវបានប្រទេសសមាជិកអាស៊ាន សម្ដែងការគាំទ្រពេញទំហឹង ក្នុងកិច្ចប្រជុំគណៈអចិន្ដ្រៃយ៍សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍កាលពីថ្មីៗ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

ស្របពេលវៀតណាម មានបំណងចង់ពន្យារពេលស៊ីហ្គេម ឆ្នាំ២០២១ ទៅពាក់កណ្ដាលឆ្នាំ២០២២ បានធ្វើឲ្យប្រទេសសមាជិកអាស៊ានជាច្រើន មិនយល់ស្រប ហើយក៏មានកង្វល់ខ្លាចប៉ះពាល់ដល់ផែនការត្រៀមស៊ីហ្គេមរបស់កម្ពុជាទៀតផង។ តែក្រោយស្ដាប់ការលើកឡើង និងជំហរយ៉ាងមុតមាំរបស់កម្ពុជា ដែលបញ្ជាក់ដោយលោក វ៉ាត់ ចំរើន តំណាងដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC បានធ្វើឲ្យតំណាងគណៈកម្មាធិការជាតិអូឡាំពិកទាំងអស់ សប្បាយចិត្ត និងគាំទ្រ។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា «ខ្ញុំបានលើកឡើងអំពីរឿងរ៉ាវជាច្រើន ដែលទទួលបានអនុសាសន៍ពីឯកឧត្តមបណ្ឌិត ថោង ខុន ថាយើងមិនសម្រេចចិត្តអ្វីទាំងអស់។ ការសម្រេចចិត្តរបស់យើង បើមានការសម្រេចចិត្តខុសពីដំណើរការដែលយើងបានកំណត់រួចហើយ គឺយើងនឹងធ្វើម្ចាស់ផ្ទះ នៅថ្ងៃទី០៥-ឧសភា ឆ្នាំ២០២៣ ដែលជាថ្ងៃបើកការប្រកួតស៊ីហ្គេមផ្លូវការ។ យើងនៅតែរក្សានូវការកំណត់របស់យើងដដែល មិនបោះបង់ការងារទាំងអស់នេះទេ គឺចង់ប្រែប្រួលយ៉ាងម៉េចៗ គឺទាល់តែស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលយើងដូចគ្នា ពីព្រោះកម្រិតនៃការរៀបចំស៊ីហ្គេម គឺម្ចាស់ផ្ទះជាអ្នកសម្រេចរាល់ការងាររៀបចំ និងនយោបាយផ្សេងទៀត»។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ខាងលើបានបន្ដថា «ចឹងកម្ពុជាយើងនឹងរង់ចាំ ហើយយើងគិតថា ផលប៉ះពាល់វាចេះតែមានហើយ ដោយសារអ្វីដែលយើងបានគ្រោងទៅជាបន្ដបន្ទាប់ ហើយបើវៀតណាមពន្យារពេលដល់ពាក់កណ្ដាលឆ្នាំ២០២២ ក៏វាអាចប៉ះពាល់តិចតួចដែរ ទៅដល់ផែនការរបស់យើង តែមិនប៉ះពាល់អ្វីច្រើនទេ។ អ៊ីចឹងយើងនៅតែរក្សាជំហរដដែលថា យើងរង់ចាំនូវលទ្ធផលចុងក្រោយនៃកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ និងលទ្ធផលរបស់ម្ចាស់ផ្ទះវៀតណាម ដើម្បីសម្រេចក្នុងរយៈពេល ២សប្ដាហ៍ទៀត (ថ្ងៃទី២៤-មិថុនា)...»

«ម្យ៉ាងវិញទៀត យើងនៅតែអនុវត្តការងារជាប្រចាំរបស់ CAMSOC ក្រោមការដឹកនាំរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ យើងនៅតែធ្វើឲ្យដំណើរការ នៃនីតិវិធីរបស់យើងដើរទៅមុខធម្មតា ដោយមិនមានការអាក់ខាន ឬក៏មិនរង់ចាំ ឬក៏មិនទោមនស្សទៅនឹងសភាព ឬការប្រែប្រួលនៃស៊ីហ្គេម នៅវៀតណាមទេ។ យើងដឹងថា រឹងមាំក្នុងផែនការរបស់យើង ដោយសារប្រទេសទាំងអស់ គឺសប្បាយចិត្ត និងអបអរសាទរ ពិសេសវាយតម្លៃខ្ពស់ថា កម្ពុជាបានធ្វើការងារច្រើន និងមានភាពស្វាហាប់ក្នុងការងារ ហើយគេសង្ឃឹមជឿជាក់លើកម្ពុជា ដែលមិនមានការប្រែប្រួលក្នុងការធ្វើស៊ីហ្គេម ឆ្នាំ២០២៣។ នេះគឺជាជំហរអន្ដរជាតិ ដែលជឿទុកចិត្តលើកម្ពុជា»។ លោក វ៉ាត់ ចំរើន បន្ថែម។

សូមបញ្ជាក់ថា មកទល់ពេលនេះ ការចង់ពន្យារពេលស៊ីហ្គេម ឆ្នាំ២០២១ របស់ម្ចាស់ផ្ទះវៀតណាម ពុំទាន់មានការសម្រេចណាមួយនោះទេ បន្ទាប់ពីប្រទេសសមាជិកអាស៊ាន បដិសេធមិនគាំទ្រ។ ដូច្នេះគណៈកម្មាធិការជាតិអូឡាំពិកវៀតណាម បានលើកសំណើចំនួន៣ ទៅរដ្ឋាភិបាលរបស់ខ្លួន ដើម្បីសម្រេច និងលើកយកមកប្រជុំចុងក្រោយ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍នាថ្ងៃទី២៤ ខែមិថុនាខាងមុខ។ ប៉ុន្ដែទោះបីលទ្ធផលកិច្ចប្រជុំនោះ សម្រេចយ៉ាងណា ក៏កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះបន្ដវេណ មិនផ្លាស់ប្ដូរផែនការធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ ដែលគ្រោងរៀបចំចាប់ពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ ឡើយ៕