(រ៉ូម)៖ ក្រុមបាល់ទាត់ជម្រើសជាតិអាសូរី អ៉ីតាលី ទទួលបានប្រាក់រង្វាន់ ១.៥លានអឹរ៉ូ ស្មើនឹង ១.៨២លានដុល្លារពីជ័យជម្នះ ៣-០ ទៅលើតួកគីនៅថ្ងៃបើកឆាក Euro 2020 ដែលមានចែងរួចជាស្រេចក្នុងសហព័ន្ធ UEFA។

សហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA បានចែងថា សម្រាប់យុទ្ធនាការ Euro 2020 ការប្រកួតសន្សំពិន្ទុក្នុងពូលទាំង ២៤ប្រទេស ក្រុមឈ្នះនឹងទទួលបាន ១.៨២លានដុល្លារក្នុង ១ប្រកួត គ្រាដែលស្មើទទួលបាន ៩១ម៉ឺនដុល្លារក្នុង ១ក្រុម និងគ្មានឡើយសម្រាប់ក្រុមចាញ់។

ដូច្នេះ ក្នុង ១ពូលដែលមាន ៤ក្រុមនោះ នឹងត្រូវធ្វើការប្រកួត ៣លើក ហើយក្រុមឈ្នះ ២ប្រកួតជាប់គ្នា នឹងកក់កៅអីឡើងទៅវគ្គ ១៦ក្រុមជាបន្ត គ្រាដែលក្រុមលេខ៣ ល្អបំផុតចំនួន ៤ក្រុមក៏ត្រូវបានជ្រើសរើសផងដែរ។

គួរបញ្ជាក់ផងថា ទាំង ២៤ក្រុមដែលបានឆ្លងកាត់វគ្គជម្រុះឡើងមកលេង Euro 2020 ជុំផ្តាច់ព្រ័ត្រនេះ គឺទទួលបាន ១១លានដុល្លារពី UEFA រួចជាស្រេចហើយ និងប្រាក់រង្វាន់ទៅដំណាក់កាលប្រកួតនីមួយៗថែមទៀត៕