(ភ្នំពេញ)៖ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានធ្វើការផ្លាស់ប្ដូរក្បាលម៉ាស៊ីនថ្មីហើយ ដោយលោក អ៊ូ រតនា ត្រូវបានសមាជិកប្រតិបត្តិសហព័ន្ធ បោះឆ្នោតគាំទ្រធ្វើជាប្រធានសហព័ន្ធអាណត្តិទី៤ ជំនួសលោក ស៊ូម សារឿន ដែលជាប្រធានសហព័ន្ធអាណត្តិចាស់។ ការប្រកាសសមាសភាពថ្នាក់ដឹកនាំសហព័ន្ធថ្មីនេះ ធ្វើឡើងក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៣ និងបន្ដអាណត្តិទី៤ នៅល្ងាចថ្ងៃទី១២ ខែមិថុនានេះ ក្រោមវត្តមានលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

លោក អ៊ូ រតនា បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយដែលទទួលបានការគាំទ្រពីសមាជិកប្រតិបត្តិ ដើម្បីដឹកនាំសហព័ន្ធ ហើយលោកបានប្ដេជ្ញាចិត្តខ្ពស់ នឹងខិតខំដឹកនាំ អភិវឌ្ឍន៍ និងរក្សានូវសក្ដានុពលរបស់សហព័ន្ធលើឆាកអន្ដរជាតិ ដែលសហព័ន្ធធ្លាប់សម្រេចបានកន្លងមក ក្រោមការដឹកនាំរបស់ប្រធានសហព័ន្ធចាស់ រួមមានលោកឧកញ៉ា រ័ត្ន សាខន និងលោក ស៊ូម សារឿន ជាដើម ពិសេសបេសកកម្មធំៗ២ គឺការត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២១ នៅប្រទេសវៀតណាម និងស៊ីហ្គេម ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។

លោកបន្ដថា «ទន្ទឹមជាមួយភាពសប្បាយរីករាយនេះ ក៏ជាអំរែកមួយដែរ សម្រាប់ខ្ញុំក្នុងការដឹកនាំសហព័ន្ធក្នុងស្ថានភាពកូវីដ-១៩ ស្របពេលយើងមានកម្មវិធីធំៗជាច្រើន ចាប់ពីឆ្នាំនេះរហូតដល់ឆ្នាំ២០២៣។ តែយ៉ាងណាយើងនឹងខិតខំធ្វើយ៉ាងម៉េច ដើម្បីចូលរួមទប់ស្កាត់កូវីដផង និងរក្សានូវកម្រិតបច្ចេកទេសរបស់កីឡាករ-កីឡាការិនីផង។ យើងនឹងរិះរកគ្រប់មធ្យោបាយ ដើម្បីធ្វើម៉េចឲ្យរក្សាតែទម្រង់ រក្សាសក្ដានុពល ដើម្បីត្រៀស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម និងស៊ីហ្គេម ឆ្នាំ២០២៣។ យើងប្ដេជ្ញាធ្វើយ៉ាងម៉េចដឹកនាំសហព័ន្ធកីឡាវ៉ូវីណាមឲ្យដើរទៅមុខប្រកបដោយសក្ដានុពល»

ជាមួយគ្នានោះ លោក វ៉ាត់ ចំរើន បានធ្វើការវាយតម្លៃខ្ពស់ចំពោះសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ពិសេសសមាជិកប្រតិបត្តិសហព័ន្ធ ដែលមានសាមគ្គីផ្ទៃក្នុងល្អ ហើយជាគំរូដ៏ល្អសម្រាប់សហព័ន្ធដទៃ។ លោកបានជំរុញ និងលើកទឹកចិត្តឲ្យថ្នាក់ដឹកនាំសហព័ន្ធដ៏មានសក្ដានុពលមួយនេះ បន្ដការខិតខំប្រឹងប្រែងអភិវឌ្ឍ ទាំងធនធានមន្ដ្រីបច្ចេកទេស និងកីឡាករ-កីឡាការិនីបន្ថែមទៀត ដើម្បីត្រៀមចូលរួមការប្រកួតអន្ដរជាតិនានា ក៏ដូចជាស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម ពិសេសដើម្បីសម្រេចផែនការយុទ្ធសាស្ដ្រ ក្នុងការស្វែងរកមេដាយមាសកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាផ្ទាល់តែម្ដង។

គួរបញ្ជាក់ថា ចំពោះសមាសភាពគណៈកម្មការប្រតិបត្តិសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា អាណត្តិទី៤ ក្រៅពីមានលោក អ៊ូ រតនា ជាប្រធានសហព័ន្ធ គឺមានអនុប្រធាន ៧រូបទៀតរួមមានលោក សុខ មុនី, លោក រស់ មនិន្ទៈ, លោក គិន ឆេងលី, លោក លី សុធា, លោក ឡុង សុផាត, លោក សំ សុខយី និង លោក ជា ហុងរី។ ឯអគ្គលេខាធិការ គឺលោក យ៉ាំ ថៃសាន និងអគ្គលេខាធិការរង ៣រូបមានលោក លាង ណារិទ្ធ, លោក អាំ សុផល និងលោក ម៉ិច សីហា។ ចំណែកអគ្គហេរញ្ញឹកលោកស្រី ញឹម ម៉ី និងអគ្គហេរញ្ញឹករង លោកស្រី ប៉ុក ករុណា រួមទាំងសមាជិក ៥រូបទៀតគឺមានលោក ប៊ូ វីរៈ, លោក គង់ ហួន, លោក កៅ មករា, លោក ទេព ជីវៈសុខុម និងលោក ម៉េង សៅណេង៕