(ភីធើស្ពើក)៖ កីឡាករ Romelu Lukaku បានឧទិ្ទសគ្រាប់បាល់របស់គេ ដើម្បីបួងសួងដល់មិត្តរួមក្រុម Cristian Eriksen ដែលបានដួលសន្លប់នៅលើទីលានយប់មិញនេះឲ្យឆាប់ជាសះស្បើយ និងបានជួយក្រុមដាណឺម៉ាកប្រកួតនៅ Euro 2020 ឡើងវិញ។

Lukaku ដែលរកបាន ២គ្រាប់នៅនាទីទី១០ និងនាទី៨៨ ក្នុងជ័យជម្នះ ៣-០ របស់ប៊ែលហ្សិកទៅលើម្ចាស់ផ្ទះរុស្ស៊ីនៅ Euro 2020 នោះ រូបគេក៏បានបញ្ចេញកាយវិការក្នុងន័យជូនពរឲ្យមិត្តរួមក្រុមនៅក្នុងក្លិប Inter Milan របស់គេឆាប់ជាសះស្បើយផងដែរ។

ដាណឺម៉ាកដែលស្ថិតក្នុងពូល B ជាមួយប៊ែលហ្សិក រុស្ស៊ី និងហ្វាំងឡង់ផងនោះ ហើយក៏ជាការប្រឈមមុខដាក់គ្នាផងដែររវាង Romelu Lukaku និង Christian Eriksen ដែលបានកំពុងប្រកបអាជីពក្នុងក្លិប Inter Milan លេងនៅ Serie A ដូចគ្នា។

ក្រោយចប់ការប្រកួតទីក្រុង Zenit St. Pertersburg រួចមក អតីតកីឡាករក្លិបបិសាចក្រហម Manchester United ខាងលើបានថ្លែងប្រាប់ BBC ដោយទឹកភ្នែកថា «ខ្ញុំមានអារម្មណ៍ភ័យខ្លាចណាស់។ យើងតែងតែបង្កភាពខ្លាំងជាមួយគ្នាក្នុងក្លិប និងចំណាយពេលនៅជាមួយគាត់ ច្រើនជាងគ្រួសារទៀត។ ខ្ញុំសង្ឃឹម និងជូនពរ Eriksen ឆាប់ជាសះស្បើយ និងមានសុខភាពល្អឡើងវិញផងដែរ»