(ក្រុងឡុងដ៍)៖ ក្រូអាត ដែលជាក្រុមរងជើងឯក FIFA World Cup 2018 នៅប្រទេសរុស្ស៊ី ធ្លាប់បានទម្លាក់ក្រុមខ្លាំងរហស្សនាម តោកំណាចអង់គ្លេស ចេញពី World Cup ៣ឆ្នាំមុនពីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត មុនជួបគ្នាលើកទី១១ រាត្រីនេះនៅ Euro 2020 នាកីឡដ្ឋាន Wembley ស្ថិតក្នុងទីក្រុង London ចាប់ពីម៉ោង ០៨៖០០នាទីយប់ថ្ងៃអាទិត្យ ទី១៣ ខែមិថុនាតទៅ (ម៉ោងនៅកម្អុជា)។

ការជួបគ្នា ១០លើកមកនេះ តោកំណាចអង់គ្លេស ធ្លាប់យកឈ្នះជម្រើសជាតិក្រូអាត ៥លើក ក្រៅពីស្មើ ២លើក ចាញ់ ៣ដងផងដែរចាប់ឆ្នាំពីឆ្នាំ១៩៩៦ នៃជំនួបមិត្តភាពអន្តរជាតិផ្សេងៗ ពានអឺរ៉ុបឯកអឹរ៉ុប និងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ជាដើម។

សម្រាប់ ៣ប្រកួតចុងក្រោយមកនេះក្នុងឆ្នាំ២០១៨ ក្រុមលំដាប់កំពូលអង់គ្លេស ដែលកំពុងតែឈរនៅលេខរៀងទី៤ ក្នុង FIFA World Ranking ផងនោះ បានយកឈ្នះក្រូអាត ១លើក និងស្មើ ១លើកនៃការប្រកួតពាន UEFA Nations League 2018 និងធ្លាប់យកឈ្នះយ៉ាងអស្ចារ្យក្នុងលទ្ធផល ៥-១ និង ៤-១ នៃការប្រកួតជម្រុះពាន FIFA World Cup ឆ្នាំ២០១០។

ចំណែកឯក្រូអាត ដែលឈរលេខរៀងទី១៤ ពិភពលោកធ្លាប់ទម្លាក់អង់គ្លេសចេញពីវគ្គ ៤ក្រុមចុងក្រោយក្នុងការប្រជែង World Cup 2018 នៅរុស្ស៊ី ក្នុងលទ្ធផល ២-១ ដែលកាលនោះក្រូអាត ជាក្រុមរងជើងឯកដែលមានបារាំង ជាម្ចាស់ជើងឯក។

បញ្ជាក់ផងថា នេះជាប៉ះសងសឹកសារជាថ្មីម្តងទៀតដែលក្រុមអង់គ្លេស នឹងប៉ះក្រុមក្រូអាត នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះនៅម៉ោង ៨៖០០នាទី(ម៉ោងនៅកម្ពុជា) ដែលស្ថិតក្នុងពូល D ខណៈដែលក្រុមស្កុតឡេន ប៉ះសាធារណៈរដ្ឋឆេក នៅថ្ងៃទី១៤ ខែដដែលម៉ោង ៨៖០០នាទី(ម៉ោងនៅកម្ពុជា)សម្រាប់ការប្រកួតលើកទី១ ប្រចាំពូល៕