(ភ្នំពេញ)៖ គ្រប់ស្ថាប័នរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា តែងមានសញ្ញាសម្គាល់រៀងៗខ្លួន ដែលសញ្ញាសម្គាល់ទាំងនោះ មានដូចជា និមិត្តសញ្ញា (ឡូហ្គូ) នៅលើក្បាលលិខិត រួមជាមួយនឹងត្រារបស់ស្ថាប័ននោះផងដែរ ដើម្បីប្រើប្រាស់ក្នុងកិច្ចការរដ្ឋបាលទំនាក់ទំនងការងារប្រចាំថ្ងៃ។ ក្នុងករណី ដែលបុគ្គលណាមួយមានបំណងទុច្ចរិតធ្វើការក្លែងបន្លំនូវសញ្ញាសម្គាល់ផ្លូវការទាំងនោះ ដោយយកទៅប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន ឬធ្វើអាជីវកម្មខុសច្បាប់ បុគ្គលនោះនឹងត្រូវផ្តន្ទាទោសពី បទក្លែងបន្លំសញ្ញាសម្គាល់របស់អាជ្ញាធរ ដែលមានបញ្ញត្តិក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រ កម្ពុជា រួមមានទោសដាក់ពន្ធនាគារ និងទោសពិន័យជាប្រាក់។

តើអំពើបែបណាដែលត្រូវចាត់ទុកជាអំពើក្លែងបន្លំសញ្ញាសម្គាល់របស់អាជ្ញាធរ? ហើយបុគ្គលដែលបានប្រព្រឹត្តល្មើសត្រូវផ្តន្ទាទោសបែបណាដែរ?
ដូច្នេះដើម្បីឱ្យកាន់តែច្បាស់ អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ បានលើកយកប្រធានបទស្ដីអំពី «បទក្លែងបន្លំសញ្ញាសម្គាល់របស់អាជ្ញាធរ» មកធ្វើការបកស្រាយចែកជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ទាំងអស់ដើម្បីបានជាចំណេះដឹងបន្ថែម។

អំពើក្លែងបន្លំសញ្ញាសម្គាល់របស់អាជ្ញាធរ សំដៅលើសកម្មភាពទុច្ចរិតរបស់បុគ្គលណាមួយដែលបានក្លែងបន្លំត្រារបស់ស្ថាប័នសាធារណៈ ឬនិមិត្តសញ្ញា (ឡូហ្គូ) នៅលើក្បាលលិខិត និងបានយកទៅប្រើប្រាស់ក្នុងគោលបំណងជាប្រយោជន៍ផ្ទាល់ខ្លួន។ ជាមួយគ្នានេះ អំពើផលិត លក់ ចែកចាយ ឬប្រើប្រាស់ក្រដាសពុម្ព ដែលមានក្បាលលិខិតផ្លូវការ ដែលមានភាពប្រហាក់ប្រហែលគ្នា ក្នុងគោលបំណងបង្កើតឱ្យសាធារណៈជនមានការភ័ន្ដច្រឡំ ក៏ជាអំពើក្លែងបន្លំសញ្ញាសម្គាល់របស់អាជ្ញាធរផងដែរ។

ការក្លែងបន្លំសញ្ញាសម្គាល់របស់អាជ្ញាធរជាបទល្មើសព្រហ្មទណ្ឌដែលត្រូវបានផ្តន្ទាទោស និងពិន័យជាប្រាក់ ដូចមានបញ្ញត្តិក្នុងមាត្រា ៦៦១ ដល់មាត្រា ៦៦៥ នៃក្រមព្រហ្មទណ្ឌ ដូចជា៖

១៖ ការក្លែងបន្លំត្រាផ្លូវការរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០ (បួនលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល។

២៖ ការប្រើប្រាស់ត្រាផ្លូវការរបស់ព្រះរាជាណាចក្រកម្ពុជាដែលក្លែង ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ)ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០ (បួនលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល។

៣៖ ការក្លែងបន្លំក្រដាស់ដែលមានក្បាលលិខិតផ្លូវការ ដែលប្រើប្រាស់ដោយអាជ្ញាធរសាធារណៈ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ១ (មួយ) ឆ្នាំ និងពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ២.០០០.០០០ (ពីរលាន) រៀល។

៤៖ ការប្រើប្រាស់ក្រដាស់ក្លែងដែលមានក្បាលលិខិតផ្លូវការ ប្រើប្រាស់ដោយអាជ្ញាធរសាធារណៈ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ១ (មួយ) ឆ្នាំ និងពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ២.០០០.០០០ (ពីរលាន) រៀល។

៥៖ ការធ្វើ ការលក់ ការចែកចាយ ឬការប្រើប្រាស់ក្រដាស់ពុម្ពជាមួយនឹងក្រដាស់ដែលមានក្បាលលិខិតផ្លូវការ ប្រើប្រាស់ដោយអាជ្ញាធរសាធារណៈដែលមានភាពប្រហាក់ប្រហែលគ្នា ដែលអាចបង្កើតឱ្យមានការភ័ន្ដច្រឡំនៅក្នុងស្មារតីរបស់សាធារណៈជន ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ១ (មួយ) ឆ្នាំ និងពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ២.០០០.០០០ (ពីរលាន) រៀល។

សរុបរួមមក បទល្មើសខាងលើគឺជាបទមជ្ឈឹមដែលមានបញ្ញត្តិក្នុងក្រមព្រហ្មទណ្ឌ និងត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ និងពិន័យជាប្រាក់ ទៅតាមកំណត់ច្បាប់ ចំពោះបុគ្គលដែលបានប្រព្រឹត្តប៉ះពាល់ដល់ស្ថាប័នរដ្ឋ ក៏ដូចជាធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ហើយការប៉ុនប៉ុងប្រព្រឹត្តបទមជ្ឈឹមនេះ ត្រូវផ្តន្ទាទោសដូចគ្នានឹងបទ មជ្ឈឹមខាងលើដែរ៕

រៀបរៀងដោយ៖ លោកមេធាវី ម៉េង វណ្ណី និងកញ្ញា ថន រ៉ាវ៉ាឌី ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិឧញ៉ាវាំង(អតីតភូមិបាយ៉ាប) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវី កម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group.