(ភ្នំពេញ)៖ ទឹកពិតជាមានសារសំខាន់ណាស់ចំពោះរាងកាយមនុស្ស ហើយការរក្សាជាតិទឹកឱ្យបានត្រឹមត្រូវ គួរតែជាអាទិភាពសម្រាប់អ្នកដែលចង់ថែរក្សារបៀបរស់នៅប្រកបដោយសុខភាពល្អ។ ប៉ុន្ដែបើយើង ទទួលទានទឹកច្រើនពេក នោះនឹងផ្ដល់ជាគុណវិបត្ដិ ដែលបណ្ដាឱ្យគ្រោះថ្នាក់ដល់សុខភាពទៅវិញ។

តាមអ្នកជំនាញ បានណែនាំឱ្យមនុស្សពេញវ័យ ដែលមានសុខភាពល្អផឹកទឹកក្នុងចន្លោះពី ៩-១៣កែវក្នុងមួយថ្ងៃ។ ប៉ុន្ដែបើផឹកទឹកច្រើនពេក អាចបណ្តាលឱ្យមានផលប៉ះពាល់មួយចំនួនរហូតគ្រោះថ្នាក់ដល់អាយុជីវិត។ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត សុខ សុធា ឯកទេសរបបអាហារ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ។

លោកវេជ្ជបណ្ឌិតបានថ្លែងថា ជាការពិតណាស់ ទឹកមានសារៈប្រយោជន៍សម្រាប់រាងកាយដែលមិនអាចខ្វះបាន ដូចដែលយើងបានលើកឡើងកាលពីសប្ដាហ៍មុន ពីគុណប្រយោជន៍ទាំង១០នៃការទទួលទានទឹកឱ្យបានសមស្រប។ តែបើការទទួលទានទឹកច្រើនពេក ទាំងមិនស្រេក និងរាងកាយមិនត្រូវការផង វានឹងប៉ះពាល់ដល់សុខភាពទៅវិញ ដូចជា៖

១៖ នៅពេលអ្នកទទួលទានទឹក សូម្បីតែអ្នកក៏មិនស្រេក ឬរាងកាយមិនត្រូវការ
ការផ្ទុកជាតិទឹកច្រើនពេកមានគ្រោះថ្នាក់ ព្រោះវាអាចនាំឱ្យមានអតុល្យភាពនៃអេឡិចត្រូលីតនៅក្នុងខ្លួន។ ប្រសិនបើអ្នកទទួលទានទឹកច្រើនពេក ប្រហែលជាមិនមានបរិមាណអេឡិចត្រូលីតទាំងនេះនៅក្នុងឈាមរបស់អ្នកទេ ដើម្បីឱ្យរាងកាយរបស់អ្នកដំណើរការបានល្អ។

២៖ ទឹកនោមរបស់អ្នក មានសភាពថ្លា
ទឹកនោមរបស់អ្នកគួរតែជាពណ៌លឿងស្លេក ទើបជាការល្អ។ ប៉ុន្ដែមនុស្សយើងមួយចំនួន បែរជាគិតថា ទឹកនោមមានពណ៌ស្លេកស្រអាប់បែបនេះ អាចជាសញ្ញានៃការខ្វះជាតិទឹកទៅវិញ ហើយខំទទួលទានទឹកបន្ថែម ដើម្បីឱ្យទឹកនោមពណ៌ថ្លាច្បាស់ទៅវិញ មិនមែនជាការត្រឹមត្រូវទេ។

៣៖ ក្រោកពីដំណេកញឹកញាប់ជាងធម្មតា ដើម្បីបត់ជើងតូច
ប្រសិនបើជាអ្នកមានសភាពបែបនេះ គួរតែពិគ្រោះជាមួយគ្រូពេទ្យ។ មនុស្សភាគច្រើនបត់ជើងតូចបាន ៦ ឬ ៧ដងរៀងរាល់២៤ម៉ោងតែប៉ុណ្ណោះ។ ប្រសិនបើអ្នកឃើញថា ខ្លួនអ្នកនោមញឹកញាប់ ហើយត្រូវការភ្ញាក់ពីគេងពេលយប់ ដើម្បីបត់ជើងតូច នោះការទទួលទឹករបស់អ្នកច្រើនពេក ហួសពីរាងកាយត្រូវការហើយ។

៤៖ ជើង ដៃ ឬបបូរមាត់ មានសភាពហើម
នៅពេល ជើង ដៃ ឬបបូរមាត់របស់អ្នកមានសភាពហើម រាងកាយរបស់អ្នក គឺមានសារធាតុរាវលើស។ សញ្ញាមួយបង្ហាញថា អ្នកកំពុងជួបប្រទះអតុល្យភាពអេឡិចត្រូលីត្រ ធ្វើឱ្យហើម ដៃ ជើង ឬ បបូរមាត់។

៥៖ ឈឺក្បាលវិលមុខ
ការឈឺក្បាលក្រហាយ អាចជាសញ្ញាមួយដែលបង្ហាញថាខួរក្បាលរបស់អ្នក កំពុងហើមបន្តិចដោយសារការលើសជាតិទឹក។ ក្នុងករណីធ្ងន់ធ្ងរការផឹកទឹកច្រើនពេក និងបន្ថយកំហាប់សូដ្យូមនៅក្នុងឈាមរបស់អ្នក អាចបណ្តាលឱ្យខួរក្បាលរបស់អ្នកហើម ប៉ះពាល់ធ្ងន់ធ្ងរដល់ខួរក្បាល រហូតដល់ថ្នាក់អាចប្រកាច់ សន្លប់ ឬស្លាប់ជាដើម។

៦៖ សាច់ដុំរបស់អ្នកមានអារម្មណ៍ញ័រ ឬខ្សោយ
តើអ្នកមានអារម្មណ៍ញ័រមិនធម្មតា នៅពេលអ្នករត់ ដែរឬទេ? ការផឹកទឹកច្រើនពេក អាចបណ្តាលឱ្យសាច់ដុំចុះខ្សោយ ស្ពឹក ឬរមួលក្រពើ។ ប្រសិនបើការឈឺចាប់សាច់ដុំ ឬខ្សោយនៅតែបន្ត សូមអ្នកបន្ថយការទទួលទានទឹក នឹងទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត។

៧៖ ឧស្សាហ៍ឥតកម្លាំងល្វើយ ឬអស់កម្លាំងជាញឹកញាប់
វាអាចទៅរួចដែលថាការផឹកទឹកច្រើនពេក អាចជាមូលហេតុ ធ្វើឱ្យអ្នកងងុយគេង ប៉ុន្ដែប្រសិនបើអ្នកគេងបានគ្រប់គ្រាន់ហើយ នៅតែអស់កម្លាំង ព្យាយាមកាត់បន្ថយការប្រើប្រាស់ទឹកច្រើនពេក សូមទទួលទានទឹក នៅពេលណាដែលអ្នកមានអារម្មណ៍ស្រេក ឬឃ្លានទឹក ទើបញាំ គឺជាការល្អ។

លោកវេជ្ជបណ្ឌិត សុខ សុធា បានគូសបញ្ជាក់ទៀតថា ព្យាយាមធ្វើតាមវិធីសាស្ត្រ ៣ចំនុច ដើម្បីឱ្យមានអារម្មណ៍ថា មានថាមពលពេញមួយថ្ងៃជាមួយទឹករបស់អ្នក៖
* ទទួលទានទឹក ៤កែវភ្លាមៗក្រោយពេលភ្ញាក់ពីដំណេក មុនពេលដុសធ្មេញ និងលើពោះទទេ។ ប្រសិនបើអ្នកពិបាកចាប់ផ្តើម ៤កែវភ្លាមៗ ចូរចាប់ផ្តើមទទួលទានទឹកបន្ដិចម្ដងៗ និងព្យាយាមបង្កើនបរិមាណនៅថ្ងៃបន្ទាប់
* កុំបរិភោគអ្វីទាំងអស់ក្នុងរយៈពេល ៤៥ នាទីបន្ទាប់
* បន្ទាប់ពី ៤៥ នាទីអ្នកអាចញ៉ាំ និងផឹកដូចធម្មតា។
* កុំបរិភោគ ឬផឹកអ្វីរយៈពេល ២ម៉ោង បន្ទាប់ពីអាហារពេលព្រឹកអាហារថ្ងៃ ត្រង់ និងល្ងាច៕