(ភ្នំពេញ)៖ ចិនជាជាតិសាសន៍មានវ័យចំណាស់មួយនៅលើលោក និងមានប្រពៃណីយ៉ាងច្រើនបង្ហាញពីអារ្យធម៌ចាស់ទុំរបស់ខ្លួន មិនខុសពីជាតិសាសន៍ខ្មែរយើងនោះទេ។ ក្នុងនោះមានដូចជាកិច្ចពិធីសែននំចំាង ដែលតែងប្រារព្វនៅថ្ងៃទី៥កើត ខែ៥ តាមប្រតិទិនចន្ទគតិចិន។ ហេតុអ្វី ចិនមានកិច្ចពិធីសែននំចំាង?

អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថាហេតុបានជាចិន មានកិច្ចពិធីសែននំចំាងឬនំអន្សមបីជ្រុង ពីព្រោះដើម្បីរំឭកនឹកគុណដល់អ្នកប្រាជ្ញកវី ឈី យៀន (Qu Yuan) ដ៏ល្បីល្បាញ់កាលពីបុរាណកាលរៀងមក។ ចំពោះកិច្ចពិធីនេះគេអាចហៅថា «បុណ្យកវី ឬអ្នកប្រាជ្ញ»។ ដូចនេះហើយ ទើបរដ្ឋាភិបាលចិនបានកំណត់យកថ្ងៃទី៥ ខែ៥ ជាទិវាកំណាព្យចិន (The Chinese Poet's Day) ផងដែរ។

លោក រត្ន័ សណ្ដាប់ បន្ដថា ចំពោះគុណតម្លៃនៃកិច្ចពិធីនេះ គឺបានឆ្លុះបញ្ចំាងអំពីប្រពៃណី ទំនៀមទម្លាប់ចិន ក្នុងការគោរពដឹងគុណអ្នកប្រាជ្ញ អ្នកចេះដឹង ដែលមានគុណបំណាច់ជាតិ មាតុភូមិដ៏ប្រពៃថ្លៃថ្លាតំាងពីដើមរៀងមក។ ទន្ទឹមនឹងនេះ ចំពោកិច្ចពិធីប្រព្រឹត្ដិនៅថ្ងៃទី៥កើត ខែ៥ តាមប្រតិទិនចន្ទគតិចិននេះទៀតសោត បើតាមប្រព័ន្ធជំនឿ ចង់សំដៅដល់ដំណើរព្រះអាទិត្យប្រាំត្រឹម ហៅថា ប្រាំកើត ឬប្រាំដំបូង។ ពីព្រោះកិច្ចពិធីនេះ គឺសុទ្ធតែ៥ ហៅថា ប្រាំស្ទួន ឬប្រាំសារទ្បើងវិញ។ ចិន ហៅថា ទាន់ អ៊ូ - Duan Wu ប្រាំត្រឹម ឬ ឈ៊ូ អ៊ូ - Chu Wu ប្រាំកើត ឬប្រាំដំបូង។

បើថ្លែងពីសាវតារ ឈី យៀន (Qu Yuan) នេះវិញ ជាអ្នកប្រាជ្ញចិននាសម័យបុរាណឆ្នំា៣៤០-២៧៨ មុនគ.ស. តែត្រូវអភ័ព្ទដោយមន្រ្ដីខ្លះមានចិត្ដច្រណែនឈ្នានីស រហូតលោក បានលោតទឹកសម្លាប់ខ្លួនដោយអោបដុំថ្មចូលទៅក្នុងទន្លេប៉ទ្ប (Bo Luo) និងបានបន្សស់នូវមរតកសាសន៍កំណាព្យរបស់ខ្លួននៅថ្ងៃទី៥ ខែ៥ ដោយថ្លែងរៀបរាប់ពីសេចក្ដីស្រទ្បាញ់ស្រុកទេស ប្រជាជននឹងពីទុក្ខព្រួយផងដែរ ប្រៀបដូចជាកំាបិតចាក់ដើមទ្រូង។

លោក រត្ន័ សណ្ដាប់ បន្ដទៀតថា បើតាមប្រពៃណីធ្វើនំចំាង ឬនំអន្សមបីជ្រុងនេះ គេប្រើស្លឹកឫស្សីខ្ចប់មានរាងជ្រុងស្នែងគោហៅថា ស្នែងមួយ។ គ្រឿងផ្សំ ក្រៅពីអង្ករដំណើប គឺថ្នំាចិនសណ្ដែកសៀង សាច់ជ្រូក ផ្លែពុទ្រ្ទា សាច់ក្រក់ ស៊ុតយកពណ៌លឿងខាងក្នុងជាដើម។

មានសេចក្ដីដំណាលថាថ្ងៃទី៥ ខែ៥ ស្លឹកឫស្សីខ្ចប់អន្សមស្ងោរឆ្អិនថ្ងៃកាន់តែក្ដៅហូបកាន់តែឆ្ងាញ់។ សព្វថ្ងៃនេះ បានជះឥទ្ធិពលសាយភាយទៅដល់ប្រទេសកូរ៉េ ជប៉ុន វៀតណាម សិង្គបុរី ថៃ កម្ពុជា ឬបណ្ដាប្រទេសផ្សងទៀតពាសពេញពិភពលោក៕