(នីយ៉ុង)៖ តើសហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប (UEFA) មានប្រភពប្រាក់ចំណូលមកពីណា? នេះជាសំណួរដែលតែងតែកើតមានពីមហាជន ជាពិសេសក្នុងអំឡុងពេលការប្រកួតបាល់ទាត់ពានរង្វាន់តំបន់ទ្វីបអឺរ៉ុប Euro 2020 ផ្នែកបុរស។ ហេតុដូចនេះហើយ ទើប Fresh News Plus នឹងបកស្រាយចំណោទបញ្ហាខាងលើសម្រាប់ចែកជូនប្រិយមិត្ត។

ជាដំបូងគេត្រូវដឹងថា UEFA គឺជាតួអង្គអន្តរជាតិដែលរៀបចំការប្រកួតសំខាន់ៗនៅអឺរ៉ុបរួមមាន UEFA European Championship (Euro), UEFA Nations League, UEFA Champions League (UCL), UEFA Europa League, UEFA Europa Conference League និងព្រឹត្តិការណ៍ UEFA Super Cup។ សហព័ន្ធនេះ គ្រប់គ្រងទាំងការផ្តល់ប្រាក់ឲ្យតួអង្គប្រកួត ការផ្តល់ប្រាក់រង្វាន់ឲ្យតួអង្គឈ្នះ ការគ្រប់គ្រងបទដ្ឋានគតិយុត្តប្រកួត ក៏ដូចជាការផ្តល់សិទ្ធិដល់ប្រព័ន្ធផ្សព្វផ្សាយក្នុងការប្រកួតនីមួយៗផងដែរ។

សម្រាប់ការប្រកួតពានរង្វាន់ Euro 2020 ក្រុមបាល់ទាត់ជម្រើសជាតិនៃបណ្តាប្រទេសនៅអឺរ៉ុបទាំង២៤ ដែលបានឈ្នះកៅអីលេង សុទ្ធតែទទួលបានប្រាក់ប្រមាណជាង ៩លានអឺរ៉ូ (១១លានដុល្លារ) ពីសហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប ហើយបន្ថែមលើនេះ ការប្រកួតសន្សំពិន្ទុក្នុងវគ្គចែកពូល ក្រុមដែលឈ្នះក្នុង ១ប្រកួតទទួលបាន ១.៥លានអឺរ៉ូ (១.៨២លានដុល្លារ) ខណៈស្មើគ្នាទទួលបានជាង ៧០ម៉ឺនអឺរ៉ូ (៩១ម៉ឺនដុល្លារ)។

យោងតាមប្រភពពីគេហទំព័រដ៏ល្បី Statista របស់ក្រុមហ៊ុនផ្នែកទិន្នន័យអាល្លឺម៉ង់បានឲ្យដឹងថា ប្រភពចំណូលរបស់ UEFA គឺជាផលចំណេញ ដែលទទួលបានពីការរៀបចំការប្រកួតនេះតែម្តងរួមមាន ចំណូលពីការលក់សំបុត្រ, ចំណូលពីការផ្តល់សិទ្ធិផ្សព្វផ្សាយពាណិជ្ជកម្ម, ចំណូលពីប្រព័ន្ធផ្សព្វផ្សាយ, ចំណូលពីការធ្វើបដិសណ្ឋារកិច្ច និងចំណូលពីប្រភពផ្សេងៗទៀត។

Statista បានបង្ហាញពីចំណូលរបស់ UEFA ក្នុងការរៀបចំការប្រកួត Euro ដែលតែងតែប្រព្រឹត្តទៅ ៤ឆ្នាំម្តងចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០១៦ ដូចខាងក្រោម៖

* ឆ្នាំ១៩៩២ លក់សំបុត្របានជាង ១២លានអឺរ៉ូ សិទ្ធិផ្សព្វផ្សាយពាណិជ្ជកម្មជាង ៩លានអឺរ៉ូ ប្រព័ន្ធផ្សព្វផ្សាយជាង ១៨លានអឺរ៉ូ តែចំណូលបដិសណ្ឋារកិច្ច និងចំណូលពីប្រភពផ្សេងៗមិនមាននោះទេ

* ឆ្នាំ១៩៩៦ លក់សំបុត្របានជាង ៦៤លានអឺរ៉ូ សិទ្ធិផ្សព្វផ្សាយពាណិជ្ជកម្មជាង ២៩លានអឺរ៉ូ ប្រព័ន្ធផ្សព្វផ្សាយជាង ៥៣លានអឺរ៉ូ តែចំណូលបដិសណ្ឋារកិច្ច និងចំណូលពីប្រភពផ្សេងៗមិនមាននោះទេ

* ឆ្នាំ២០០០ លក់សំបុត្របានជាង ៨២លានយូរ៉ូ សិទ្ធិផ្សព្វផ្សាយពាណិជ្ជកម្មជាង ៥៤លានយូរ៉ូ ប្រព័ន្ធផ្សព្វផ្សាយជាង ៩៣លានយូរ៉ូ តែចំណូលបដិសណ្ឋារកិច្ច និងចំណូលពីប្រភពផ្សេងៗមិនមាននោះទេ

* ឆ្នាំ២០០៤ លក់សំបុត្របានជាង ៨១លានយូរ៉ូ សិទ្ធិផ្សព្វផ្សាយពាណិជ្ជកម្មជាង ១៨២លានយូរ៉ូ ប្រព័ន្ធផ្សព្វផ្សាយ ៥៦០លានយូរ៉ូ បដិសណ្ឋារកិច្ចជិត ៣០លានយូរ៉ូ និងផ្សេងៗជាង ១.៦លានយូរ៉ូ

* ឆ្នាំ២០០៨ លក់សំបុត្របានជាង ១០០.៦លានយូរ៉ូ សិទ្ធិផ្សព្វផ្សាយពាណិជ្ជកម្មជាង ២៨៩លានយូរ៉ូ ប្រព័ន្ធផ្សព្វផ្សាយជាង ៨០១លានយូរ៉ូ បដិសណ្ឋារកិច្ច ១៥៥លានយូរ៉ូ និងផ្សេងៗជិត ៤លានយូរ៉ូ

* ឆ្នាំ២០១២ លក់សំបុត្របានជាង ១៣៦លានយូរ៉ូ សិទ្ធិផ្សព្វផ្សាយពាណិជ្ជកម្មជាង ៣១៣លានយូរ៉ូ ប្រព័ន្ធផ្សព្វផ្សាយជាង ៨៣៧លានយូរ៉ូ បដិសណ្ឋារកិច្ច ១០២លានយូរ៉ូ និងផ្សេងៗ ១.៧លានយូរ៉ូ

* ឆ្នាំ២០១៦ លក់សំបុត្របានជាង ២៦៩លានយូរ៉ូ សិទ្ធិផ្សព្វផ្សាយពាណិជ្ជកម្មជាង ៤៨៣លានយូរ៉ូ ប្រព័ន្ធផ្សព្វផ្សាយជាង ១,០២៤.២លានយូរ៉ូ បដិសណ្ឋារកិច្ចជាង ១២៨លានយូរ៉ូ និងផ្សេងៗជាង ១១លានយូរ៉ូ។

សូមជម្រាបថា UEFA គឺជាតួអង្គអន្តរជាតិជាតិមួយដែលស្ថិតក្រោមការគ្រប់គ្រងរបស់សហព័ន្ធអន្តរជាតិនៃសមាគមបាល់ទាត់ FIFA៕