(ភ្នំពេញ)៖ លោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមិថុនានេះ បានចុះត្រួតពិនិត្យទីតាំងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ ខេត្តកំពង់ឆ្នាំង សម្រាប់ត្រៀមធ្វើចត្ដាឡីស័ករយៈពេល ១៤ថ្ងៃ ដល់ប្រតិភូ និងកីឡាករក្រុមជម្រើសជាតិកម្ពុជា ក្រោយត្រឡប់មកពីចូលរួមជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2022 ពូល C (ជុំទី២) នៅប្រទេសបារ៉ែនវិញយប់នេះ។

តាមការបញ្ជាក់របស់មន្ដ្រីសហព័ន្ធ បានឲ្យដឹងថា ក្រោយបញ្ចប់បេសកកម្មខាងលើ ក្រុមជម្រើសជាតិកម្ពុជា បានធ្វើដំណើរត្រឡប់មកមាតុភូមិវិញ កាលពីល្ងាចថ្ងៃទី១២ ខែមិថុនាម្សិលមិញ ហើយបន្ទាប់ពីធ្វើការហោះហើរ ៣ដំណាក់កាល ក្រុមគោព្រៃកម្ពុជា នឹងធ្វើដំណើរមកដល់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ នាវេលាម៉ោង ១០៖៥៥នាទីយប់ថ្ងៃអាទិត្យនេះ។ បន្ទាប់មកប្រតិភូ និងកីឡាករទាំងអស់ នឹងត្រូវធ្វើដំណើរទៅធ្វើចត្ដាឡីស័កនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយតែម្ដង។

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា បានចូលរួមការប្រកួតសេសសល់ នៃវគ្គជម្រុះ FIFA World Cup 2022 នៅប្រទេសបារ៉ែន ចំនួន ៣ប្រកួត តែពុំស្គាល់ជ័យជម្នះ ឬស្មើនោះទេ បន្ទាប់ពីចាញ់ក្រុមម្ចាស់ផ្ទះបារ៉ែន ៨-០, ចាញ់អ៊ីរ៉ាក់ ៤-១ និងចាញ់ក្រុមខ្លាំងអ៊ីរ៉ង់ ១០-០ កាលពីថ្ងៃទី៣, ថ្ងៃទី៧ និងថ្ងៃទី១១ ខែមិថុនាកន្លងទៅ ។ លទ្ធផលនេះ បានធ្វើឲ្យក្រុមគោព្រៃកម្ពុជា ឈរបាតតារាងក្នុងពូល C ក្នុងចំណោម ៥ក្រុម ដោយរកបាន ១ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីឆ្លងកាត់ ៨ប្រកួត ស្មើ១ និងចាញ់ ៧ប្រកួត៕