(ភ្នំពេញ)៖ តបតាមការស្នើសុំរបស់ក្រសួងអប់រំ យុវជន និងកីឡា រាជរដ្ឋាភិបាលកម្ពុជា ក្រោយទទួលបានការសម្រេចពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានយល់ព្រមអនុញ្ញាតឲ្យសហព័ន្ធកីឡាការ៉ាតេកម្ពុជា រៀបចំការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ហើយ ដើម្បីជាការវាស់ស្ទង់កម្រិតបច្ចេកទេសត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាការ៉ាតេកម្ពុជាបានឲ្យដឹងថា ដំបូងឡើយព្រឹត្តិការណ៍កម្រិតតំបន់នេះ គ្រោងធ្វើក្នុងឆ្នាំ២០២១ នេះ តែដោយស្ថានភាពមិនអំណោយផល ស្របពេលឆ្នាំនេះ មានការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នៅវៀតណាមផង សហព័ន្ធក៏ស្នើលើកទៅឆ្នាំក្រោយវិញ។ ប៉ុន្ដែលោកបានចាត់ទុកព្រឹត្តិការណ៍នេះ គឺជាការប្រកួតលក្ខណៈ Pre-SEA Games ដ៏សំខាន់ ដើម្បីត្រៀមស៊ីហ្គេម នៅកម្ពុជា។

អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC ដដែលបន្ដថា «ជើងឯកការ៉ាតេអាស៊ីអាគ្នេយ៍ហ្នឹង តាមពិតគ្រោងធ្វើឆ្នាំ២០២១ តែដោយសារឆ្នាំនេះ ស្ថានភាពមិនច្បាស់លាស់ ហើយឆ្នាំ២០២១ នេះ គេមានធ្វើជើងឯកនៅវៀតណាមហើយ ចឹងយើងក៏លើកមកឆ្នាំ២០២២ ក្រោយការអនុញ្ញាតពីសហព័ន្ធកីឡាការ៉ាតេអាស៊ីអាគ្នេយ៍ ឲ្យយើងធ្វើម្ចាស់ផ្ទះឆ្នាំ២០២២ ក្នុងន័យ Pre-SEA Games ដើម្បីវាស់ស្ទង់សមត្ថភាពត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា»

លោក វ៉ាត់ ចំរើន បានបន្ថែមថា «ចឹងជើងឯកការ៉ាតេអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ នេះ មិនអាចធ្វើនៅដើមឆ្នាំបានទេ អាចធ្វើអំឡុងឆមាសទី២ ដើម្បីប្រមូលយកភាពអនុគ្រោះ ឬដើម្បីប្រមូលការរៀបចំឲ្យបានរឹងមាំ ល្អប្រសើរ និងប្រព្រឹត្តទៅដោយជោគជ័យ។ នេះគឺជាតេស្ដដ៏សំខាន់មួយ សម្រាប់កីឡាការ៉ាតេ ដែលកំពុងស្វែងរកឧត្តមភាពក្នុងអាស៊ីអាគ្នេយ៍ ស្របពេលសហព័ន្ធកំពុងសម្រួចការហ្វឹកហាត់របស់កីឡាករ-កីឡាការិនី ជាមួយគ្រូបង្វឹកបរទេសកម្រិតខ្ពស់ផង»

គួរបញ្ជាក់ថា ការត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាការ៉ាតេជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ គឺជាយុទ្ធសាស្ដ្រ និងការជំរុញរបស់លោកអគ្គបណ្តិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានសហព័ន្ធក្នុងការរៀបចំឲ្យមានការប្រកួតអន្ដរជាតិ ដើម្បីវាស់ស្ទង់កម្រិតបច្ចេកទេស ដែលខិតខំបង្កើនការហ្វឹកហាត់ជាមួយគ្រូបង្វឹកដែលមានគុណវុឌ្ឍិខ្ពស់មកពីបរទេស ដើម្បីសម្រួច និងត្រៀមប្រកួតប្រជែងមេដាយជូនជាតិ ក្នុងនាមម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣៕