(អាមេរិក)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Microsoft បានឱ្យដឹងថា នៅក្នុងអំឡុងពេលកូវីដ-១៩ ផ្ទុះខ្លាំងគឺមាន បុគ្គលិករបស់ខ្លួនជាច្រើននាក់បានដេកនៅក្នុងមជ្ឈមណ្ឌលទិន្នន័យ (Data Center) ខណៈដែលបុគ្គលិកជាច្រើនទៀត ត្រូវបានអនុញ្ញាតឱ្យធ្វើការពីផ្ទះ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងអំឡុង ពេល កូវីដផ្ទុះខ្លាំងនៅសហរដ្ឋអាមេរិក បុគ្គលិកជាច្រើនរបស់ក្រុមហ៊ុន Microsoft បានដេកនៅក្នុងមជ្ឈមណ្ឌលទិន្នន័យ។ មូលហេតុដែលពួកគេត្រូវដេកនៅក្នុងមជ្ឈមណ្ឌលនេះគឺដោយសារតែពួកគេមានតួនាទីត្រូវទទួលខុសត្រូវលើការងារ Online Services របស់ Microsoft ជាពិសេសគឺ Microsoft Team និងសេវាកម្ម Cloud ព្រោះខ្លាចមាន បញ្ហា ណា មួយកើតឡើងពីគេងាយស្រួលក្នុងការដោះស្រាយ។

លោក Kristen Roby Dimlow អនុប្រធានជាន់ខ្ពស់ទទួលបន្ទុកផ្នែកធនធានមនុស្សរបស់ Microsoft បានបញ្ជាក់ថា ក្រុមហ៊ុនមិនបានបង្ខំឱ្យពួកគេស្នាក់នៅ ឬដេកនៅការិយាល័យនោះទេ ប៉ុន្តែដោយសារលក្ខខណ្ឌការងារ និងដើម្បី រក្សា សុវត្ថិភាពពួកបានសម្រេចចិត្តដេកនៅការិយាល័យតែម្ដងទៅ មួយវិញទៀត លំនៅដ្ឋានដែលពួកគេស្នាក់នៅ គឺស្ថិត នៅ ក្នុងតំបន់បិទខ្ទប់ដូច្នេះពួកគេខ្លាចពិបាកក្នុងការធ្វើដំណើរ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកជាច្រើបានអនុញ្ញាត ឱ្យបុគ្គលិកធ្វើការពីផ្ទះដើម្បីសុវត្ថិភាពរបស់ពួកគេ ហើយនៅចុងឆ្នាំនេះ ក៏មានបុគ្គលិកខ្លះត្រូវបានក្រុមហ៊ុនប្រកាសឱ្យចូលធ្វើការនៅការិយាល័យវិញ ប៉ុន្តែពួកគេអាចធ្វើ ត្រឹមតែ ២ ឬ៣ថ្ងៃក្នុងមួយសប្ដាហ៍ប៉ុណ្ណោះនៅការិយាល័យ និង២ ទៅ៣ថ្ងៃទៀតនៅផ្ទះ៕