(អាំស្ទើដាំ)៖ ហូឡង់ រកបាន ៣ពិន្ទុដំបូងនៅ Euro 2020 នៅពេលយកឈ្នះគូប្រជែងអ៊ុយក្រែនចុងម៉ោងក្នុងលទ្ធផល ៣-២ ដ្បិតក្រុមភ្ញៀវវាយបកបាន ២គ្រាប់ក៏ដោយនៅរាត្រីឈានចូលថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១ (ម៉ោងនៅកម្ពុជា)។

កីឡាករ Denzel Dumfries ជាអ្នករកបានគ្រាប់ជ័យជម្នះនៅនាទី៨៥ នៅក្រោយពេលអ៊ុយក្រែនធ្វើការវាយបកបាន ២គ្រាប់ស្មើ ២-២ នៅចុងម៉ោងនៃវគ្គទី២ គ្រាដែល Wijnaldum និង Weghorst បានស៊ុតគ្រាប់នាំមុខឲ្យហូឡង់តាំងពីដើមវគ្គទី២ មកម្ល៉េះពីការប្រកួតសន្សំពិន្ទុប្រចាំពូល C ដែលបានធ្វើឡើងនៅកីឡដ្ឋានស្ថិតក្នុងទីក្រុង Amsterdam។

ក្រុមដែលបានខកខាន FIFA World Cup 2018 ស្ថិតក្រោមការបង្វឹករបស់លោក De Boer បានដឹកនាំឈ្នះ ៥ប្រកួតក្នុងចំណោម ១១ប្រកួតរបស់លោក ដែលត្រូវបានតែងតាំងជំនួសកៅអីលោក Ronald Koeman ដែលបានលាឈប់ទៅដឹកនាំក្លិប FC Barcelona។

ក្រុមទាំងពីរនឹងបន្តប្រកួតនៅ Euro 2020 ទៀតនាថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយពីក្នុងពូល C គ្រាដែលអ៊ុយក្រែនត្រូវប៉ះម៉ាសេដូនី ដែលទើបចាញ់អូទ្រីស ៣-១ និងហូឡង់ ប៉ះអូទ្រីសដែលកំពុងឈរនៅកំពូលតារាងបណ្តោះអាសន្ន៕