(អាមេរិក)៖ លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានប្រកាសឱ្យដឹងជាថ្មីថា Tesla ព្រមទទួលយកការទិញរថយន្តតាមរយៈលុយ Bitcoin ប៉ុន្តែត្រូវមានលក្ខខណ្ឌ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១។

លោក Elon Musk បានបង្ហោះសារនៅលើបណ្ដាញសង្គម Twitter ផ្ទាល់ខ្លួនរបស់លោកថា ក្រុមហ៊ុន Tesla នឹងព្រម ទទួលយកការទិញរថយន្តតាមរយៈ Bitcoin លុះត្រាណាតែអ្នកទិញនោះ (miners) បញ្ជាក់ថា ខ្លួនបានប្រើប្រាស់វិធីសាស្ត្ររក Bitcoin ប្រមាណ ៥០ភាគរយដែលមិនប៉ះពាល់ដល់បរិស្ថាន ឬប្រើប្រាស់ថាមពលកកើត ឡើងវិញ។

វាមានន័យថា លុយ Bitcoin ដែលពួកគេយកមកទិញរថយន្ត Tesla ត្រូវតែបង្ហាញពីប្រភពនៃការរកលុយនោះឱ្យច្បាស់លាស់ និងឱ្យប្រាកដថា វិធីសាស្ត្រនៃការរកលុយនោះគឺមិនប៉ះពាល់ ដល់បរិស្ថានក្នុងកម្រិត ៥០ភាគរយ។

លោក Elon Musk កាលពីខែកុម្ភៈ បានទិញរូបិយប័ណ្ណ Bitcoin ចំនួន ១.៥ពាន់លានដុល្លារអាមេរិក និងបានលក់ វាទៅវិញចំនួន ១០ភាគរយ ក្រោយពេលដែលលោក Elon Musk ប្រកាសឈប់ទទួលយកលុយ Bitcoin ក្នុងការទិញ រថយន្ត Tesla។

គួរបញ្ជាក់ផងដែរថា Tesla បានប្រកាសឈប់ទទួលយកលុយ Bitcoin ក្រោយពេលក្រុមអ្នកវិនិយោគ និងម្ចាស់ភាគហ៊ុន បង្ហាញពីក្ដីបារម្ភទៅលើការប្រួលប្រែអាកាសធាតុ ខណៈដែលបច្ចុប្បន្នការជីករករ៉ែ Bitcoin ជាមូលហេតុមួយដ៏សំខាន់ ក្នុង ការ ធ្វើឱ្យមានបម្រែបម្រួលអាកាសធាតុ៕