(បរទេស)៖ «ឆាយណាថោន (Chinatown)» ជាទូទៅសំដៅលើតំបន់ប្រមូលផ្តុំនៃជនជាតិចិន ដែលស្ថិតនៅក្រៅប្រទេសចិន ហើយមិនរាប់ទីក្រុងហុងកុង ទីក្រុងម៉ាកាវ ឬកោះតៃវ៉ាន់ឡើយ និងជាធម្មតាពួកវាស្ថិតនៅតាមទីប្រជុំជន។ តំបន់ដែលគេនិយមហៅថា «Chinatown» នេះ មានវត្តមាននៅពាសពេញពិភពលោក ទាំងនៅអឺរ៉ុប អាមេរិក អាស៉ី អាហ្រ្វិក និងអូស្រ្តាលី ព្រមទាំងមជ្ឈិមបូព៌ា ជាដើម។

ការកកើតឡើងនៃ Chinatown ភាគច្រើន គឺចេញមកពីការធ្វើអន្តោប្រវេសន៍ទ្រង់ទ្រាយធំរបស់ជនជាតិចិន ទៅកាន់តំបន់ដែលគ្មាន ឬជនជាតិចិនរស់នៅតិចតួច។ តំបន់ Chinatown នៅសង្កាត់ប៊ីណូនដូ (Binodo) ក្នុងរដ្ឋធានីម៉ានីល នៃប្រទេសហ្វីលីពីន ត្រូវគេទទួលស្គាល់ ថាជា Chinatown ដែលមានអាយុកាលចំណាស់បំផុត នៅលើពិភពលោក គឺតាំងពីឆ្នាំ១៥៩៤។ ចំណែក Chinatown ដំបូងៗដែលគួរឲ្យកត់សម្គាល់ ជាងគេនៅ ក្រៅពីតំបន់អាស៉ី គឺ Chinatown នៅទីក្រុងសាន់ហ្រ្វាន់ស៉ីស្កូរបស់សហរដ្ឋអាមេរិក និងនៅទីក្រុងមែលប៊នរបស់អូស្រ្តាលី ជាដើម ដែលត្រូវ បានបង្កើតឡើង នៅពាក់កណ្តាលសតវត្សរទី១៩ កំលុងសម័យរុករកឃើញរ៉ែមាសនៅរដ្ឋកាលីហ្វរញ៉ា និងរដ្ឋវិចតូរៀនៃប្រទេសទាំងពីរ។

* ប្រវត្តិនៃការកកើត Chinatown

បើតាមកំណត់ហេតុរបស់អ្នកប្រវត្តិសាស្រ្តចិននិងអឺរ៉ុប ជនជាតិចិនបានមកនាំគ្នាតាំងទីលំនៅជាច្រើន នៅតាមតំបន់ឆ្នេរនៃតំបន់អាស៉ីគ្នេយ៍តាំងពី សតវត្សរ៍ទី១៦។ តំបន់ Chinatown នៅម្តុំអាស៉ីយើងភាគច្រើន មានប្រវត្តិយូរអង្វែងជាងតំបន់ដទៃៗទៀត គឺរាប់សតវត្សរ៍ឯណោះ។ តួយ៉ាង Chinatown នៅទីក្រុងណាហ្គាសាគី, កូបេ, និងយូកូហាម៉ា របស់ជប៉ុន ព្រមទាំងនៅទីក្រុងម៉ានីលរបស់ហ្វីលីពីន និងនៅទីក្រុងហយអាន និងបាវវិញ របស់វៀតណាម គឺ សុទ្ធតែមានវត្តមានរួចស្រេចនៅខ្ទង់ឆ្នាំ១៦០០។ រីឯ Chinatown នៅទីក្រុងហ្សាការតារបស់ឥណ្ឌូណេស៉ី បានកកើតឡើងតាំងពីឆ្នាំ១៧៤០ ខណៈនៅក្នុង ប្រទេសឥណ្ឌា Chinatown បានលេចឡើងដំបូងនៅទីក្រុងកូលកាតា ម៉ុមបៃ និងចិនណៃ អំឡុងទសវត្សរ៍ឆ្នាំ១៧៨០។ ចំណែក Chinatown នៅក្រុងបាងកករបស់ថៃ គឺបានប្រវត្តិតាំងពីឆ្នាំ១៧៨២ ស្មើនឹងអាយុទីក្រុងនេះតែម្តង។

សម្រាប់ការតាំងទីលំនៅរបស់ជនជាតិចិន នៅតាមតំបន់ដទៃទៀតនៃ ពិភពលោក គឺចាប់ផ្តើមមានសន្ទុះខ្លាំងឡើងនៅសតវត្សរ៍ទី១៩។ នៅ អំឡុងទសវត្សរ៍ ឆ្នាំ១៨៣០ គេសង្កេតឃើញមានជនជាតិចិនចាប់ផ្តើមរស់នៅ ក្នុងទីក្រុងលីវើភូលរបស់អង់គ្លេស នៅពេលដែលកប៉ាល់ជំនួញ ដំបូងរបស់ចិន បានចូលមក ចតនៅកំពង់ផែទីក្រុងនេះ ដើម្បីជួញដូរទំនិញ។ មកដល់ចុងទសវត្សរ៍ឆ្នាំ១៨៥០ ជនអន្តោប្រវេសន៍ចិនកាន់តែ ច្រើន បាននាំគ្នា ទៅកាន់ទីក្រុងលីវើភូល។

Chinatown នៅទីក្រុងសាន់ហ្រ្វាន់ស៉ីស្កូនៃសហរដ្ឋអាមេរិក គឺជា Chinatown ដែលមានទំហំធំបំផុតមួយ នៅតំបន់អាមេរិកខាងជើង និង មានអាយុកាលចំណាស់ជាងគេបំផុតប្រចាំតំបន់នេះ។ វាបានបម្រើជាច្រកចូលមកកាន់ សហរដ្ឋអាមេរិកសម្រាប់ ជនអន្តោប្រវេសន៍ចិនដំបូងៗ ចាប់ពីទសវត្សរ៍ឆ្នាំ១៨៥០ រហូតដល់ទសវត្សរ៍ឆ្នាំ១៩០០។ អំឡុងពេលប្រហែលគ្នានេះ ជនជាតិចិនក៏បានធ្វើអន្តោប្រវេសន៍យ៉ាង ផុសផុល ទៅកាន់ប្រទេសអូស្រ្តាលីផងដែរ គឺនៅទីក្រុងម៊ែលបននៃរដ្ឋវិចតូរៀ ខណៈនាសម័យនោះ មានការរុករកឃើញរ៉ែមាសដំបូងៗ នៅរដ្ឋកាលីហ្វរញ៉ារបស់អាមេរិក និងរដ្ឋវិចតូរៀរបស់អូស្រ្តាលី។ ចាប់ពីពេលនោះមក Chinatown ក៏បានរីកដុះដាល នៅពាសពេញប្រទេស ទាំងពីរ។ រីឯតំបន់ Chinatown ដទៃទៀត នៅតាមរដ្ឋធានីនៃបណ្តាប្រទេសអឺរ៉ុប រួមមានទីក្រុងប៉ារីសនិងទីក្រុងឡុងដ៍ ត្រូវបានបង្កើតឡើងនៅដើមសតវត្សរ៍ទី២០ ជាបន្តបន្ទាប់។

* ដើមកំណើតនៃពាក្យ Chinatown

ទោះបីពាក្យ «Chinatown» ត្រូវបានប្រើប្រាស់ដំបូង នៅក្នុងតំបន់អាស៉ីក៏ដោយ វាមិនមែនចេញមកពីភាសាចិនឡើយ។ វត្តមានដំបូងបំផុត របស់ពាក្យនេះ ទំនងជាមានជាប់ទាក់ទងទៅនឹងកន្លែងប្រមូលផ្តុំរស់នៅរបស់ជនជាតិចិន នៅក្នុងប្រទេសសិង្ហបុរី ដែលនៅឆ្នាំ១៨៤៤ គឺ ត្រូវបានគេហៅថា «China Town» ឬ «Chinatown» ដោយរដ្ឋាភិបាលអាណានិគមអង់គ្លេសរួចស្រេចទៅហើយ។ ពោលគឺវាទំនងជាការ បកប្រែដោយផ្ទាល់មកជាភាសាអង់គ្លេស ចេញពីឈ្មោះជាភាសាម៉ាឡេស៉ីសម្រាប់កន្លែងនោះ។

គួរជម្រាបថា សព្វថ្ងៃនេះ តំបន់ Chinatown មានវត្តមាននៅគ្រប់ទីកន្លែងជុំវិញពិភពលោក គឺរួមមានទាំងអាហ្រ្វិក, អាមេរិកមិនថាជើង ត្បូង ឬកណ្តាលឡើយ ព្រមទាំងអូស្រ្តាលី អឺរ៉ុប មជ្ឈិមបូព៌ា និងអាស៉ី ហើយ Chinatown ភាគច្រើន បានក្លាយជាតំបន់រស់នៅ និងតំបន់អាជីវកម្មរបស់ជាតិសាសន៍អាស៉ីចម្រុះតែម្តង ដោយផ្ទុយពីកាលដើមឡើយដែល Chinatown ភាគច្រើនគឺមានតែជនជាតិចិនផ្ទាល់រស់នៅប៉ុណ្ណោះ៕