(អាមេរិក)៖ ក្រុមហ៊ុន Blue Origin របស់កំពូលមហាសេដ្ឋី Jeff Bezos បានប្រកាសឱ្យដឹងថា មានអ្នកដេញថ្លៃម្នាក់ ហ៊ាន ចំណាយប្រាក់រហូតដល់ ២៨លានដុល្លារអាមេរិក សម្រាប់បង់ថ្លៃកៅអ៊ី ឬសម្រាប់ថ្លៃសំបុត្រដើម្បីធ្វើដំណើរកម្សាន្តនៅទីអវកាសជាមួយនឹង លោក Jeff Bezos ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រោយពេលដែល ក្រុមហ៊ុន Blue Origin បានដាក់ចេញថ្លៃនូវកៅអ៊ីសម្រាប់ធ្វើដំណើរការកម្សាន្តនៅលើអវកាសតាមរយៈយានរបស់ក្រុមហ៊ុន Blue Origin ដោយមានវត្តមានរបស់លោក Jeff Bezos , កាលពីថ្ងៃសៅរ៍កន្លងទៅនេះ មានអ្នកដេញថ្លៃម្នាក់ បាន ហ៊ាន ចំណាយប្រាក់រហូតដល់ ២៨លានដុល្លារអាមេរិកសម្រាប់កៅអ៊ីមួយនេះ។
ក្រុមហ៊ុន Blue Origin មិនបានបង្ហាញអត្តសញ្ញាណរបស់អ្នកដេញថ្លៃឈ្នះនោះទេ គ្រាន់ដឹងថា មានអ្នកចាប់អារម្មណ៍ និងដេញថ្លៃមកពី ១៤០ប្រទេសនៅលើពិភពលោក ខណៈដែលយាន New Shepard នឹងត្រូវធ្វើដំណើរទៅលើលំហ អវកាសនាថ្ងៃទី២០ ខែកក្កដា ដោយមានការចូលរួមពីសំណាក់លោក Jeff Bezos និងប្អូនប្រុសរបស់លោកឈ្មោះ Mark ។
គួរបញ្ជាក់ថា យានអវកាស New Shepard របស់ក្រុមហ៊ុន Blue Origin ដែលមានលក្ខណៈរួមផ្សំបញ្ចូលគ្នាតែម្តង រវាងយានសម្រាប់ជិះធ្វើដំណើរ និងគ្រាប់រ៉ុក្កែត ត្រូវបានរចនាឡើងដើម្បីដឹកជញ្ជូនអ្នកដំណើរ បានសរុបចំនួន ០៦នាក់ ដោយស្វ័យប្រវត្តិ ឡើងទៅកាន់រយៈកម្ពស់ជាង ១០០គីឡូម៉ែត្រពីផ្ទៃផែនដី ដែលល្មមអាចឲ្យភ្ញៀវទេសចរនៅក្នុងយានអវកាស អាចទទួលបានបទពិសោធន៍ នៅក្នុងបរិស្ថានដែលគ្មានកម្លាំងទំនាញ និងមើលឃើញរាងកោងនៃភពរបស់យើង មុនពេលយាន New Shepard ចុះមកផ្ទៃផែនដីវិញដោយប្រើឆ័ត្រយោង៕