(ភ្នំពេញ)៖ បន្ទាប់ពីបាត់បង់អ្នកម្ដាយជាទីស្រឡាញ់ កាលពីពេលថ្មីៗនេះរួចមក តារាចម្រៀងបែបយុវវ័យ ប្រចាំក្នុងផលិតកម្មរស្មីហង្សមាស លោក ឆន សុវណ្ណារាជ បានថ្លែងសារយ៉ាងកម្រមួយ ដោយបានផ្ដោតសំខាន់ លើការយកចិត្តទុកដាក់មើលថែគ្រួសារជំនួសម្ដាយ តាមរយៈការធ្វើជាមនុស្សដ៏រឹងមាំ ជាជំហគ្រួសារ បន្តដំណើរជីវិតជាមួយក្រុមគួសារ ទោះចាប់ពីពេលនេះគ្មានម្ដាយ នៅគ្រប់គ្រងដូចមុនក្ដី។

តារាចម្រៀង ឆន សុណ្ណារាជ បានថ្លែងសារពិសេសនេះ តាមហ្វេសប៊ុកផ្លូវការរបស់លោក នៅមុននេះបន្តិចថា «ស្នាមញញឹមចុងក្រោយដែលកូនបាននិយាយជាមួយម៉ាក់ តាមវីដេអូខល អរគុណដល់ហ្វេនម្នាក់ ដែលបានជួយធ្វើវាឲ្យច្បាស់សំរាប់ខ្ញុំ, ម៉ាក់ទៅបានសុខហើយ ម៉ាក់លែងពិបាកហើយ ព្រោះម៉ាក់ទ្រាំជាមួយជំងឺនេះជិត២០ឆ្នាំមកហើយ ស្នាមញញឹមរបស់ម៉ាក់ គឺជាក្តីសុខរបស់កូនម្នាក់នេះ កូននឹងសន្យាថា នឹងរឹងមាំមើលថែរក្សារគ្រួសារមួយនេះ ឲ្យល្អជំនួសម៉ាក់ ម៉ាក់ទៅកាន់ឋានសួគ៌ សោយសុខឲ្យស្ងប់ចិត្តចុះណាម៉ាក់ កូននឹងរឹងមាំហើយឲ្យខ្លាំងដូចជាម៉ាក់អ៊ីចឹង..»

ជាមួយនឹងការតាំងចិត្ត ធ្វើខ្លួនឲ្យរឹងមាំដើម្បីគ្រួសារ តារាចម្រៀង ឆន សុវណ្ណារាជ ក៏បានលើកសរសើរ ពីការលះបង់ចិញ្ចឹមកូនៗ អស់រយៈពេលជាច្រើនឆ្នាំ ពីសំណាក់អ្នកម្ដាយរបស់ខ្លួន កាលនៅមានជីវិត ខណៈអ្នកម្ដាយជាស្រ្តីមេម៉ាយ ប៉ុន្តែបានតស៊ូចិញ្ចឹមបីបាច់ថែរក្សាកូនៗ រហូតធំដឹងក្ដី និងគ្រួសាររីកចម្រើនដល់សព្វថ្ងៃ។ ឆន សុវណ្ណារាជ បានចាត់ទុកអ្នកម្ដាយរបស់ខ្លួនថា ជាវីរៈនារីនៅក្នុងបេះដូងរបស់ខ្លួន មិនសាបសូន្យជារៀងរហូត។

ឆន សុវណ្ណារាជ និយាយបន្តថា «ម៉ាក់ជាស្រ្តីមេម៉ាយ តែម៉ាក់អាចចិញ្ចឹមកូនបានយ៉ាងល្អ ដល់ទៅ៦នាក់ ម៉ាក់គឺជាវិរៈនារីក្នុងបេះដូងកូនរហូត អំពើល្អមិនសាបសូន្យ ជាពាក្យម៉ាក់តែងតែប្រាប់កូនៗទាំងអស់គ្នា, កូនសន្យាថា នឹងរឹងមាំ ហើយបន្តដំណើរជីវិតជាមួយក្រុមគួសារយើងបន្តទៀត លើលោកនេះកូនស្រឡាញ់ម៉ាក់ជាងគេ I love you mum!»

សូមបញ្ជាក់ថា ម្ដាយបង្កើតរបស់តារាចម្រៀង ឆន សុវណ្ណារាជ បានលាចាកលោកនេះ កាលពីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៣ខែឧសភា ឆ្នាំ២០២១ ដោយសាររោគលើសឈាម និងជំងឺគាំងបេះដូង។ បន្ទាប់ពីអ្នកម្ដាយបានបាត់បង់ជីវិត ភ្លាមៗនោះគេសង្កេតឃើញតារាចម្រៀង ឆន សុវណ្ណារាជ បានសម្រេចចិត្តសាងផ្នួសសងគុណម្ដាយ រយៈពេលមួយសប្ដាហ៍ ហើយបានធ្វើការលាចាកសិក្ខាបទ កាលពីពេលថ្មីៗនេះ៕