(អាមេរិក)៖ ខ្សែភាពយន្តបែបភ័យរន្ធត់របស់អាមេរិកចំណងជើងថា «Quiet Place II» ត្រូវបានរាយការណ៍មកថា បានក្លាយជាភាពយន្តដំបូង ក្នុងរដូវកាលកូវីដ-១៩នេះ ដែលរកចំណូលពីការលក់សំបុត្រក្នុងស្រុក បានរហូតដល់ទៅ១០១លានដុល្លារអាមេរិក ក្នុងការចាក់បញ្ចាំងរយៈពេល១៥ថ្ងៃ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Hollywood Reporter នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១។

ភាពយន្តមួយនេះ ក៏បានបង្កើតកំណត់ត្រាក្នុងរដូវកាលកូវីដ-១៩ ផងដែរ សម្រាប់ការចាក់បញ្ចាំងតាមរោងកុនរយៈពេល៤ថ្ងៃ ទទួលបានចំណូលរហូតដល់៥៧លានដុល្លារអាមេរិក។ រហូតដល់ថ្ងៃសុក្រ ទី១១ ខែមិថុនា កន្លងទៅនេះ រយៈពេល១៥ថ្ងៃ ប្រាប់ចំណូលក្នុងស្រុក សម្រាប់រឿងបែបភ័យរន្ធត់ «Quiet Place II» គឺហក់ឡើងដល់ ១០១លានដុល្លារតែម្តង។

គួរជម្រាបថា ខ្សែភាពយន្តកន្លងទៅ ដែលអាចរកចំណូលបាន១០០លានដុល្លារ នៅអាមេរិកខាងជើង ខ្សែភាពយន្ត «Sonic the Hedgehog» របស់ស្ទូឌីយូ Paramount ដែលបញ្ចេញនៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២១។ ងាកមកខ្សែភាពយន្តបែបភ័យរន្ធត់ «Quiet Place II» ដែលទើបបង្កើតកំណត់ត្រាថ្មីៗនេះវិញ ត្រូវបានរាយការណ៍ថា នឹងមាននៅលើប្រព័ន្ធអនឡាញ Paramount+ បន្ទាប់ពីបានចាក់បញ្ចាំងនៅតាមរោងកុននានា លើពិភពលោកបានចំនួន៤៥ថ្ងៃ៕