(ភ្នំពេញ)៖ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានប្រកាសចុះកិច្ចព្រមព្រៀមលើភាពជាដៃគូឧបត្ថម្ភរយៈពេល ៥ឆ្នាំជាមួយក្រុមហ៊ុនសម្ភារៈកីឡាក្នុងស្រុក NT ហើយភាគីទាំងពីរ បានគ្រោងចាប់ដៃគ្នារៀបចំការប្រកួតដណ្ដើមពានរង្វាន់យុវជនថ្មីមួយ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ ធូរស្រាល។

លោក អ៊ូ រតនា ប្រធានសហព័ន្ធខាងលើបានបញ្ជាក់ថា នេះគឺជាការបោះជំហានថ្មីមួយទៀតសម្រាប់សហព័ន្ធ ដែលទទួលបានការឧបត្ថម្ភគាំទ្ររយៈពេលវែងពីវិស័យឯកជន ដើម្បីរួមចំណែកអភិវឌ្ឍវិស័យកីឡាវ៉ូវីណាមកម្ពុជាឲ្យកាន់តែរីកចម្រើន ជាក់ស្ដែងក្រៅពីការឧបត្ថម្ភសម្លៀបបំពាក់ NT នឹងផ្ដល់ថវិកាមួយចំនួនដល់សហព័ន្ធ ដើម្បីរៀបចំពានរង្វាន់យុវជនប្រចាំឆ្នាំទៀតផង។

លោកបន្ដថា «ក្នុងកិច្ចព្រមព្រៀមរយៈពេល ៥ឆ្នាំនេះ យើងអត់មានយកថវិកាពីក្រុមហ៊ុនទេ គឺគាត់ឧបត្ថម្ភជាសម្ភារៈ មានសម្លៀកបំពាក់ដល់កីឡាករ-កីឡាការិនី គណៈកម្មការ ពិសេសក្រុមជម្រើសជាតិ។ តែអ្វីដែលពិសេស ក្រុមហ៊ុននឹងសហការជាមួយសហព័ន្ធ ត្រៀមរៀបចំពានរង្វាន់ថ្មីមួយ បន្ទាប់ពីមានការអនុញ្ញាតឲ្យមានការជួបជុំឡើងវិញ ក្រុមហ៊ុននឹងផ្ដល់ថវិការៀបចំពានរង្វាន់ជើងឯកយុវជន NT ក្នុង ១ឆ្នាំម្ដង»

តាមរយៈគម្រោងរៀបចំពានរង្វាន់យុវជនប្រចាំឆ្នាំនេះដែរ ប្រធានសហព័ន្ធ ទើបទទួលបានការបោះឆ្នោតគាំទ្រពីសមាជិកប្រតិបត្តិខាងលើបានបង្ហាញសុទិដ្ឋិនិយមថា នឹងរួមចំណែកផលិតធនធានកីឡាករ-កីឡាការិនីបន្ដវេណបានកាន់តែច្រើន ស្របតាមផែនការយុទ្ធសាស្ដ្ររបស់សហព័ន្ធ ដើម្បីសម្រិតសម្រាំងកីឡាករ-កីឡាការិនីឆ្នើមត្រៀមចូលរួមការប្រកួតអន្ដរជាតិនានា ពិសេសត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា៕