(ភ្នំពេញ)៖ កីឡាករក្លិបភ្នំពេញក្រោនម្នាក់ទៀតហើយ បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ គឺខ្សែប្រយុទ្ធសញ្ជាតិអ៊ុយក្រែន Valeriy Hryshyn។ នេះបើតាមការបញ្ជាក់របស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ នេះ។

ប្រភពខាងលើបានបញ្ជាក់លើបណ្ដាញសង្គមផ្លូវការថា «កីឡាករបាល់ទាត់ជនជាតិអ៊ុយក្រែនរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន វិជ្ជមានជំងឺកូវីដ-១៩»។ ផ្អែកតាមការបញ្ជាក់នេះ ភ្នំពេញក្រោនមានកីឡាករបរទេសសញ្ជាតិអ៊ុយក្រែនតែម្នាក់ប៉ុណ្ណោះ គឺខ្សែប្រយុទ្ធ Valeriy Hryshyn។

គួរដឹងថា កាលពីចុងសប្ដាហ៍កន្លងទៅ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) និងក្លិបភ្នំពេញក្រោនបានប្រកាសរកឃើញកីឡាករ ២រូបរបស់អតីតក្រុមជើងឯកលីគ ៦សម័យកាលនេះមានវិជ្ជមានជំងឺកូវីដ-១៩ មុនការប្រកួតពានរង្វាន់ League Cup 2021 ជាមួយក្រុមវិសាខា ១ថ្ងៃ ដែលនាំឲ្យ CNCC សម្រេចលុបចោលការប្រកួតនេះភ្លាមៗតែម្ដង។

យ៉ាងណាមិញពាក់ព័ន្ធករណីអតីតខ្សែប្រយុទ្ធជម្រើសជាតិ U21 អ៊ុយក្រែនខាងលើ រហូតមកទល់ពេលនេះក្រុមសិង្ហក្រហមភ្នំពេញក្រោន នៅមិនទាន់ប្រកាសជាផ្លូវការនោះទេ។ ប៉ុន្ដែប្រសិនបើជាការពិត មានន័យថា Valeriy Hryshyn គឺអាចជាប់ពាក់ព័ន្ធជាមួយកីឡាករ ២រូបទៀត ដែលរកឃើញវិជ្ជមានជំងឺកូវីដ-១៩ កាលពីចុងសប្ដាហ៍កន្លងទៅ៕