(ប៊ូតាប៉េស)៖ ព្រឹត្តិការណ៍បាល់ទាត់ជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA Euro 2020 នឹងឈានចូលថ្ងៃទី៤ នៅរាត្រីថ្ងៃអង្គារ ទី១៥ ខែមិថុនានេះ ដែលជាការប្រកួតបើកឆាកពូល F ចុងក្រោយគេដែល ៣ក្រុមខ្លាំងតាំងនៅ។

*គូទី១៖ ព័រទុយហ្គាល់ ដែលជាក្រុមការពារតំណែងជើងឯក ឆ្នាំ២០១៦ នោះ នឹងត្រូវប៉ះម្ចាស់ផ្ទះហុងគ្រី នាម៉ោង ១១៖០០នាទីថ្ងៃទី១៥ ខែមិថុនានេះ នៅឯកីឡដ្ឋាន Puskas Arena ដែលស្ថិតក្នុងទីក្រុង Budapest ប្រទេសហុងគ្រី។

*គូទី២៖ អាល្លឹម៉ង់ ប៉ះអតីតក្រុមរងជើងឯករដូវកាលឆ្នាំ២០១៦ មាន់គកបារាំង នាម៉ោង ០២៖០០នាទីយប់ឈានចូលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ដែលនឹងធ្វើឡើងនៅកីឡដ្ឋាន Fussball Arena Munich ស្ថិតក្នុងទីក្រុង Munich ប្រទេសអាល្លឺម៉ង់។

នៅចាំបានថា បារាំងដែលជើងឯក FIFA World Cup 2018 ថ្មីៗនេះនៅប្រទេសរុស្ស៊ី បានទម្លាក់ក្រុមឥន្រ្ទីដែកអាល្លឹម៉ង់ ចេញពី Euro 2016 ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងលទ្ធផលឈ្នះ ២-០ ពេញម៉ោង ៩០នាទី៕