(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ បានថ្លែងសាររំលែកទុក្ខចំពោះមរណភាពវរព្រឹទ្ធសិល្បការិនី សំនៀងពីរោះគន្ធា ទេវនាដនិមិ្មត ឯម ធាយ ដែលលោកបានអនិច្ចកម្ម កាលពីរំលងអាធ្រាត្រថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២១ ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយជរាពាធ។

តាមរយៈ Facebook លោក ហ៊ុន ម៉ានី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំនិងក្រុមគ្រួសារ ព្រមទាំងសហការី ក៏ដូចជាប្រជាជនកម្ពុជាសូមសម្តែងនូវសមាណទុក្ខដ៏ក្រៀមក្រំ និងសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ វរព្រឹទ្ធសិល្បការិនី សំនៀងពិរោះគន្ធា ទេវនាដនិមិ្មត ឯម ធាយ ដែលលោកបានអនិច្ចកម្ម កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២១ ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយជរាពាធ»

បើតាមលោក ហ៊ុន ម៉ានី បានបន្ថែមថា ការបាត់បង់លោកយាយព្រឹទ្ធាចារ្យសិល្បៈ គឺជាការបាត់បង់មរតកមនុស្សជាតិ ដែលពោរពេញទៅដោយទេពកោសល្យ និងសមត្ថភាព ផ្នែករបាំក្បាច់បូរាណ និងរបាំព្រះរាជទ្រព្យសម្រាប់ជាមរតកជាតិ និងជាគម្រូដល់កូនខ្មែរជំនាន់ក្រោយ។ លោកយាយព្រឹទ្ធាចារ្យគឺជាតួអង្គដ៏សំខាន់មួយនៃការរស់រានឡើងវិញនៃរបាំបូរាណ ក៏ដូចជាវិស័យសិល្បៈខ្មែរ ក្រោយការដួលរលំនៃរបបប្រល័យពូជសាសន៍។

លោក ហ៊ុន ម៉ានី បានថ្លែងថា «ខ្ញុំសូមបួងសួងដល់វិញ្ញាណក្ខន្ធទេវនាដនិម្មិត ឯម ធាយ បានយោនយោគក្នុងកាន់ទីឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ»