(ភ្នំពេញ)៖ ធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក បានដាក់ឲ្យដំណើរការនូវ RHB REFLEX ដែលជាសេវាកម្មអនឡាញមួយ ដែលរួមបញ្ចូលនូវមុខងារគ្រប់គ្រងសាច់ប្រាក់ និងការទូទាត់ក្នុងប្រព័ន្ធសេវាកម្មអនឡាញតែមួយ ដែលអនុញ្ញាតឲ្យអតិថិជនប្រើប្រាស់សេវាកម្មធនាគារតាមប្រព័ន្ធអ៊ីនធឺណែត និងតាមកម្មវិធីទូរស័ព្ទដៃ បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

លោក សុខ ឡេង នាយកនៃនាយកដ្ឋានធនាគារសម្រាប់អាជីវកម្ម នៃធនាគារ RHB បានលើកឡើងថា ការដាក់ឲ្យដំណើរការ RHB REFLEX គឺស្របតាមគោលដៅ យុទ្ធសាស្រ្តឌីជីថលរបស់ធនាគារ ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការ របស់អតិថិជនអាជីវកម្មខ្នាតតូច និងមធ្យម ពាណិជ្ជកម្ម និងសាជីវកម្ម ដោយផ្តល់ជូនបទពិសោធន៍នៃការប្រើប្រាស់សេវាកម្មធនាគារដ៏រលូន និងងាយស្រួល នៅក្នុងប្រព័ន្ធអនឡាញតែមួយ ដែលប្រកបដោយសុវត្ថិភាព។ ជាពិសេស RHB REFLEX ផ្តល់ជូនអតិថិជននូវភាពបត់បែន ក្នុងការគ្រប់គ្រងអាជីវកម្មស្របតាមគន្លងនៃការរស់នៅតាមបរិបទថ្មី នៅក្នុងកាលៈទេសៈនៃការរាតត្បាតសកលនៃជំងឺ កូវីដ១៩នេះ។

ជាមួយ RHB REFLEX អតិថិជនអាចគ្រប់គ្រងស្ថានភាពហិរញ្ញវត្ថុតាមរយៈ មុខងារគ្រប់គ្រងព័ត៌មានដោយអតិថិជន អាចចូលទៅត្រួតពិនិត្យសមតុល្យគណនី របាយការណ៍ គណនី ប្រវត្តិនៃប្រតិបត្តិការ និងស្ថានភាពជាក់ស្តែងនៃប្រតិបត្តិការទូទាត់។ លើសពីនេះទៅទៀត អតិថិជនក៏អាចគ្រប់គ្រងការទូទាត់ សម្រាប់អាជីវកម្ម តាមរយៈការទូទាត់មួយប្រតិបត្តិការ ម្តង ឬការទូទាត់ជាបណ្តុំ ដែលអនុញ្ញាតឲ្យអតិថិជនធ្វើការផ្ទេរប្រាក់ទៅកាន់គណនីផ្ទាល់ខ្លួន ឬទៅកាន់តតិយជនក្នុងធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក តែមួយ ឬទៅកាន់តតិយជននៅធនាគារផ្សេងតាមរយៈប្រព័ន្ធ FAST payment, ប្រព័ន្ធទូទាត់ក្នុងស្រុករបស់ធនាគារជាតិ, ឬការផ្ទេរប្រាក់ឆ្លងប្រទេស និង ការបើកប្រាក់បៀរវត្សន៍បុគ្គលិក។

RHB REFLEX ត្រៀមខ្លួនជាស្រេចសម្រាប់បម្រើដល់អាជីវកម្មរបស់អតិថិជនក្នុងការធ្វើសេវាកម្មធនាគារ ក្នុងប្រព័ន្ធបចេ្ចកវិទ្យាព័ត៌មានវិទ្យា ដែលមានសុវត្ថិភាព គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ វាជួយបង្កើនល្បឿននៃលំហូរការងារ និងធ្វើឲ្យលំហូរសាច់ប្រាក់អាជីវកម្មកាន់តែប្រសើរឡើង ដោយអតិថិជនអាចកំណត់ម៉ាទ្រីស នៃការអនុម័ត ប្រតិបត្តិការដោយខ្លួនឯង។

RHB REFLEX គឺផលិតផលមួយក្នុងចំណោមផលិតផលដែលត្រូវបានផ្តួចផ្តើមដោយធនាគារ ដែលនឹងត្រូវដាក់ឲ្យអតិថិជនប្រើប្រាស់ ដើម្បីចូលរួមបំពេញ បន្ថែម នូវសេវាកម្ម ឌីជីថល ក្នុងគោលបំណងបង្កើនភាពរីករាយ និងបំពេញតម្រូវការជាបន្តបន្ទាប់របស់អតិថិជន៕