(អាមេរិក)៖ ក្រុមហ៊ុន Google បានប្រកាសឱ្យដឹងថា នឹងមិនអនុញ្ញាតឱ្យមានការផ្សព្វផ្សាយ ពាណិជ្ជកម្មជាសារនយោបាយ ការឃោសនាបោះឆ្នោត គ្រឿងស្រវឹង ល្បែងស៊ីសង និងថ្នាំពេទ្យនៅលើបណ្ដាញសង្គម YouTube។ នេះបើយោងតាមការ ចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១។

ការផ្លាស់ប្ដូរគោលការណ៍ថ្មីនេះ គឺជាប់ពាក់ព័ន្ធនឹងករណីមានការចោទប្រកាន់ និងលើកឡើងពីសំណាក់ និយតករ អឺរ៉ុប ថា បណ្ដាញសង្គម និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗមិនបានរឹតបន្តឹងលើការផ្សព្វផ្សាយពាណិជ្ជកម្ម ដែលនាំឱ្យមានបញ្ហាជាច្រើន ជាពិសេសគឺនៅក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២០ ដោយ លោកដូណាល់ ត្រាំ បានប្រើប្រាស់ទឹកលុយដើម្បីដំណើរការការឃោសនារបស់ខ្លួនដោយគ្មានតម្លាភាពនៅតាមបណ្ដញ សង្គម។

អ្នកនាំពាក្យរបស់ Google បានថ្លែងឱ្យដឹងតាមរយៈអ៊ីម៉េលថា ក្រោយពីបានធ្វើការសិក្សាទៅលើ ការស្នើសុំរបស់អ្នក ប្រើ ប្រាស់ ក្រុមហ៊ុន Google ក៏បានសម្រេចផ្ដាស់ប្ដូរគោលការណ៍ថ្មីនេះឡើង ដោយសង្ឃឹមថា វានឹងក្លាយជាបទពិសោធន៍ ថ្មី សម្រាប់ម្ចាស់អាជីវកម្ម ឬ Advertisers និងអ្នកប្រើប្រាស់។

គួរបញ្ជាក់ផងដែរថា សម្រាប់ Google ផ្ទាល់បានផ្អាកការផ្សព្វផ្សាយពាណិជ្ជកម្មជាលក្ខណៈនយោបាយ កាលពី ដើមឆ្នាំ នេះ ដោយសារតែការបោះឆ្នោតអាមេរិកនៅក្នុងឆ្នាំ២០២០ បានធ្វើឱ្យ មានសម្ពាធដល់ បណ្ដាញសង្គមធំៗ និងក្រុមហ៊ុនបច្ចេកវិទ្យា ដែលមានដូចជា Facebook, Twitter, Google និង Apple ជាដើម៕