(កូរ៉េ)៖ តារាសម្តែងប្រុសរបស់កូរ៉េខាងត្បូង លោក Park Seo Joon ត្រូវបានរាយការណ៍ឲ្យដឹង នៅថ្ងៃទី១៥ ខែមិថុនានេះថា នឹងចូលរួមសម្តែងក្នុងភាពយន្តហូលីវូដ ក្នុងផលិតកម្ម «Marvels» ក្នុងរឿង «Captain Marvel 2» ជាមួយតួឯកស្រី Brie Larson។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Soompi នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា លោក Park Seo Joon នឹងធ្វើដំណើរទៅសហរដ្ឋអាមេរិក ដើម្បីសម្តែងរឿងមួយនេះ នៅពាក់កណ្តាលឆ្នាំ២០២១នេះ បន្ទាប់ពីបញ្ចាប់ការសម្តែងរឿង «Concrete Utopia» ដែលកំពុងតែថតសព្វថ្ងៃ។ យ៉ាងណាមិញ ពាក់ព័ន្ធនឹងដំណឹងនេះ ផលិតកម្ម ENT ដែលជាជម្រករបស់ Park Seo Joon មិនបានបញ្ជាក់អ្វីលំអិតឡើយ ពោលគឺ «No Comment» តែម្តង។
គួរជម្រាបថា ប្រសិនបើមានការបញ្ជាក់ជាផ្លូវការណាមួយបន្ថែមនោះ តារាប្រុស Park Seo Joon នឹងក្លាយជាតារាសម្តែងប្រុសរបស់កូរ៉េទី២ហើយ ដែលសម្តែងក្នុងផលិតកម្ម «Marvel» បន្ទាប់ពីលោក Ma Dong Seok ដែលធ្លាប់សម្តែងក្នុងរឿង «Eternals»៕