(ភ្នំពេញ)៖ លោក Conor Nestor គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង បានថ្លែងកោតសរសើរក្រុមបាល់ទាត់ខេត្តព្រៃវែង ហើយថា ថ្ងៃមុខក្រុមក្មេងខ្ចីមួយនេះ នឹងធ្វើបានកាន់តែល្អប្រសើរថែមទៀត។ ការបង្ហាញសុទិដ្ឋិនិយមបែបនេះ បន្ទាប់ពីក្រុមជើងឯករងលីគកំពូលកម្ពុជាឆ្នាំចាស់ខាងលើ បានយកឈ្នះខេត្តព្រៃវែង ទាំងប្រផិតប្រផើយ ១-០ ក្នុងពាន League Cup 2021 កាលពីចុងសប្ដាហ៍កន្លងទៅ។
គ្រូបង្វឹកសញ្ជាតិអៀរឡង់រូបនេះបាននិយាយថា «នេះជាលើកទី១ ដែលពួកយើងប្រកួតជាមួយក្រុមព្រៃវែង ហើយក៏ជាបទពិសោធលើកទី១ ដែរ។ យើងដឹងស្រាប់ហើយ ព្រៃវែង គឺជាក្រុមមានកីឡាករជាប់ជម្រើសជាតិច្រើនជាងយើង មាន ៤នាក់ច្រើនជាងយើងម្នាក់ ហើយគុណភាពកីឡាករក្មេងៗគាត់ធ្វើបានល្អមែនទែន បូកផ្សំជាមួយការរៀបចំរបស់គ្រូបង្វឹកល្អដែរ។ ខ្ញុំគិតថា ថ្ងៃមុខក្រុមព្រៃវែង នឹងធ្វើបានល្អជាងហ្នឹងទៀត»។
គួរបញ្ជាក់ថា ស្វាយរៀង បានយកឈ្នះខេត្តព្រៃវែង ១-០ ដែលជាជ័យជម្នះលើកដំបូងក្នុងពាន League Cup ខណៈគ្រាប់បាល់ជ័យជម្នះរបស់ក្រុមលោក Conor Nestor នេះ ធ្វើសម្រេចដោយខ្សែបម្រើវ័យក្មេង ជូ ស៊ិនទិ។ ជ័យជម្នះនេះដែរ បានធ្វើឲ្យព្រះខ័នរាជស្វាយរៀង មានសង្ឃឹមខ្ពស់នឹងបានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខណៈព្រៃវែង ស្ទើរអស់ឱកាសទៅហើយ បន្ទាប់ពីចាញ់ ២ប្រកួតជាប់គ្នា ដោយប្រកួតដំបូង ចាញ់ក្រុមកងយោធពលខេមរភូមិន្ទ ១-០ ដូចគ្នា៕