(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានត្រៀមកម្លាំងអ្នកស្ម័គ្រចិត្តប្រមាណ ១ម៉ឺននាក់ ដើម្បីទទួលបដិសណ្ឋារកិច្ច និងសេវាទូទៅជាច្រើន អំឡុងពេលកម្ពុជាធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ ។ នេះបើតាមការបញ្ជាក់របស់លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC ហើយលោកបានចាត់ទុកអ្នកស្ម័គ្រចិត្តនេះ គឺជាកម្លាំងដ៏ពិសេស ដែលអាចជំរុញឲ្យព្រឹត្តិការណ៍ទាំងមូលទទួលបានជោគជ័យ ។

លោករដ្ឋមន្ដ្រី ថោង ខុន បានលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍របស់គណៈអចិន្ដ្រៃយ៍ CAMSOC នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នេះ ដែលផ្ដោតសំខាន់លើគណៈកម្មការអ្នកស្ម័គ្រចិត្ដ ។ បន្ទាប់ពីស្ដាប់របាយការណ៍របស់លោក សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មការអ្នកស្ម័គ្រចិត្ត លោករដ្ឋមន្ដ្រីបានធ្វើការវាយតម្លៃខ្ពស់ ចំពោះការដឹកនាំ គ្រប់គ្រង ក៏ដូចជាការរៀបចំផែនការដ៏លម្អិត និងគ្រប់ជ្រុងជ្រោយរបស់គណៈកម្មការនេះ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបន្ថែមថា គណៈកម្មការអ្នកស្ម័គ្រចិត្ត គឺជាគណៈកម្មការដ៏ពិសេសមួយ សម្រាប់ប្រមូលផ្ដុំនូវធនធានមនុស្ស ដែលជាកម្លាំងការងារដ៏សំខាន់សម្រាប់ជួយដល់ព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ។ ចំពោះអ្នកស្ម័គ្រចិត្ត ត្រូវចូលរួមកម្រិតស៊ីហ្គេមនេះ ក៏មិនខុសពីស៊ីហ្គេម នៅប្រទេសផ្សេងដែរ គឺគ្រោងប្រើកម្លាំងអ្នកស្ម័គ្រចិត្ត ១ម៉ឺននាក់ ក្នុងនោះ ២០% ជាកម្លាំងសារគួរ ហើយ ៨០% ឬស្មើនឹង ៨ពាន់នាក់ គឺជាក្រុមប្រិតបត្តិការផ្ទាល់ នៅគ្រប់ទីកន្លែង នៃព្រឹត្តិការណ៍ទាំងមូល។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ដថា «អ្វីដែលសំខាន់ នៃបទបង្ហាញថ្ងៃនេះ គឺការបង្ហាញនូវភាពលម្អិតល្អ និងមានយុទ្ធសាស្ត្រច្បាស់លាស់ ដោយមានដាក់ចេញនូវយន្ដការប្រទាក់ក្រឡាគ្នាបានល្អ ទាំងការបណ្ដុះបណ្ដាល ទាំងប្រភពនៃការរៀបចំជ្រើសរើសអ្នកស្ម័គ្រចិត្ត ក៏ដូចជាការធ្វើឲ្យអ្នកស្ម័គ្រចិត្តមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការធ្វើឲ្យព្រឹត្តិការណ៍ទាំងមូល ជោគជ័យ ឬមិនជោគជ័យ ស្ថិតលើអ្នកស្ម័គ្រចិត្ត ដែលមាននៅគ្រប់ទីកន្លែងទាំងអស់ នៅក្នុងពេលប្រកួតស៊ីហ្គេមរបស់យើង»

«អ្នកស្ម័គ្រចិត្ត គឺជាការរៀបចំកម្លាំងមនុស្សឲ្យពេញលក្ខណៈ ក្រៅពីកម្លាំងជំនាញ ក្រៅពីកម្លាំងបច្ចេកទេស ទាំងក្នុង និងក្រៅប្រទេស គឺថាកម្លាំងបម្រើការរបស់យន្តការទាំងមូល នៃព្រឹត្តិការណ៍ទាំងអស់ គឺកម្លាំងអ្នកស្ម័គ្រចិត្តនេះហើយ ។ អ្នកស្ម័គ្រចិត្ត គឺជាកម្លាំងពិសេសសម្រាប់ជោគជ័យនៃស៊ីហ្គេមរបស់យើង បើខ្វះពួកគាត់ កម្លាំងរបស់យើងមិនគ្រប់គ្រាន់នោះទេ ។ អញ្ចឹងអ្វីៗយើងបានធ្វើតាមផែនការមេស៊ីហ្គេមដោយរលូន ហើយមានទំនុកចិត្តខ្ពស់ក្នុងការរៀបចំ និងការដឹកនាំរបស់គណៈកម្មការអ្នកស្ម័គ្រចិត្ដ»

«អ្នកស្ម័គ្រចិត្តទាំងអស់ នឹងទទួលបានការបណ្ដុះបណ្ដាលសំខាន់ ២ ទី១-ការបណ្ដុះបណ្ដាលចំណេះដឹងទូទៅឲ្យគាត់ស្គាល់អ្វីទៅជាហ្គេម? អ្វីទៅជាព្រឹត្តិការណ៍កីឡា? ហើយកម្ពុជាធ្វើដើម្បីអ្វី? ហើយប្រទេសណាខ្លះចូលរួម? ។ល។ ទី២-ចំណេះដឹងជំនាញ ឧទាហរណ៍ ក្រុមខាងបច្ចេកទេស យើងនឹងបង្រៀនគាត់ឲ្យស្គាត់គ្រប់ប្រភេទកីឡា ពិសេសដឹងពីទីតាំងប្រកយតកីឡា ដើម្បីពេលភ្ញៀវសួរ គាត់ដឹង គាត់អាចជូនទៅបាន រួមទាំងជំនាញផ្សេងៗទៀត យើងនឹងបង្រៀនពួកគាត់ ទាំងផ្នែកបដិសណ្ឋារកិច្ច, ព័ត៌មានវិទ្យា និងពិធីការជាដើម...»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក វ៉ាត់ ចំរើន។

គួរបញ្ជាក់ថា តាមផែនការគណៈកម្មការអ្នកស្ម័គ្រចិត្ត នឹងចាប់ផ្ដើមទទួលការចុះឈ្មោះអ្នកស្ម័គ្រចិត្តក្នុងពេលឆាប់ៗ ដើម្បីត្រៀមចូលរួមយុទ្ធនាការធ្វើម្ចាស់ផ្ទះ និងស្វាគមន៍ភ្ញៀវ ក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣។ ប៉ុន្ដែចំពោះការបណ្ដុះបណ្ដាលអ្នកស្ម័គ្រចិត្តនេះ ជាទូទៅត្រូវធ្វើមុនការប្រកួតរយៈពេល ៦ខែ មានន័យថា អាចធ្វើឡើងនាចុងឆ្នាំ២០២២ មុនការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលគ្រោងរៀបចំពិធីបើកការប្រកួតផ្លូវការ ពីថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣។ តែដោយយោងស្ថានភាពបច្ចុប្បន្ន គណៈកម្មការក៏ត្រៀមចែកនូវមេរៀន និងការធ្វើបទបង្ហាញតាមប្រព័ន្ធអនឡាញជាជំហានៗផងដែរ៕