(ម៉ូនិច)៖ ១គ្រាប់ធ្វេសប្រហែសចូលទីខ្លួនឯងរបស់កីឡាករខ្សែការពារ Mats Hummels បានធ្វើឲ្យមាន់គកបារាំង យកឈ្នះម្ចាស់ផ្ទះអាល្លឺម៉ង់ ១-០ ពីការប្រកួតបើកឆាកសន្សំពិន្ទុពូល F របស់ពួកគេនៅ Euro 2020។

Mats Hummels ដែលបានកំពុងប្រកបអាជីពនៃក្លិបក្នុងស្រុក Borussia Dortmund ត្រូវបានអ្នកចាត់ការទូទៅ លោក Joachim Loew កោះហៅចូលជម្រើសជាតិឡើងវិញ ក្រោយពេលខកខានចាប់តាំងពីឆ្នាំ២០១៩ មក បានធ្វើឲ្យមានគ្រាប់បាល់ចូលទីខ្លួនឯងនៅពេលគូប្រជែង Lucas Hernandez របស់បារាំងបានបំផ្លោងបាល់ចូលតំបន់គ្រោះថ្នាក់របស់អាល្លឺម៉ង់នោះ។

ការបរាជ័យនេះមានន័យថា អាល្លឺម៉ង់បានចាញ់បារាំងជាលើកទី១៥ ក្រៅពីឈ្នះតែ ១០ដងប៉ុណ្ណោះពីប្រវត្តិជួបគ្នា ៣២លើកមកនេះដែលស្ថិតក្នុងពូល F ជាមួយព័រទុយហ្គាល់ និងហុងគ្រីសម្រាប់ UEFA Euro 2020 លើកទី១៦ នេះ។

គួរដឹងផងថា អាល្លឺម៉ង់ជាអតីតម្ចាស់ជើងឯក World Cup 2014 នៅប្រេស៊ីល គ្រាដែលព័រទុយហ្គាល់ជាម្ចាស់ជើងឯក Euro 2016 នៅបារាំង និងមាន់គកបារាំង ជាជើងឯក FIFA World Cup 2018 នៅប្រទេសរុស្ស៊ី៕