(ញូវដេលី)៖ មានសេចក្ដីរាយការណ៍ថ្មីមួយបានអះអាងថានៅពេលនេះរដ្ឋាភិបាលឥណ្ឌាបានបន្ត និងពង្រីកការស៊ើប អង្កេត លើក្រុមហ៊ុនលក់ទំនិញអនឡាយយក្សពីរគឺ Amazon និង Flipkart ដែលជាបុត្រសម្ព័ន្ធរបស់ Walmart ពាក់ព័ន្ធករណី «ប្រកួតប្រជែងដោយមិនស្មោះត្រង់»។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា គណៈកម្មការប្រកួតប្រជែងនៃប្រទេសឥណ្ឌា (CCI) បានធ្វើការស៊ើបអង្កេតលើករណីនេះកាលពីដើមឆ្នាំ២០២០ និងបាន ផ្អាកវិញ ដោយសារតែមានការប្ដឹងជំទាស់ពីសំណាក់ក្រុមហ៊ុនទាំងពីរខាងលើ ប៉ុន្តែនៅពេលនេះ CCI បានស្នើសុំទៅកាន់ តុលាការឥណ្ឌាដើម្បីបន្តការស៊ើបអង្កេតឡើងវិញ ព្រោះតែមានការភស្ដុតាងមួយចំនួន និងមានការរិះគន់ទៅលើ ករណីប្រកួត ប្រជែងនេះជាថ្មី។

យោងតាមប្រភពដែលជិតស្និទ្ធបានឱ្យដឹងថា ក្រុមហ៊ុន Amazon និង Flipkart បានប្រើប្រាស់ការប្រម៉ូតសិន សម្រាប់ ជំរុញឱ្យការលក់ផលិតផលកើនឡើង ប៉ុន្តែការប្រម៉ូតសិនទាំងនោះត្រូវបានធ្វើឡើងដោយភាពលម្អៀង និងមានលក្ខណៈ មិនស្មោះត្រង់។

បើយើងពិនិត្យទៅលើករណីនេះ វាស្រដៀងគ្នាទៅនឹងក្រុមហ៊ុន Alibaba ដែលត្រូវបានរដ្ឋាភិបាលចិន ផាកពិន័យ បន្ទាប់ ពី រកឃើញថាក្រុមហ៊ុនមួយនេះបានប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនក្នុងការគំរាមដល់អ្នកលក់ឱ្យធ្វើការលក់ផ្ដាច់មុខឱ្យខ្លួន ដែល ជាហេតុធ្វើឱ្យអ្នកលក់គ្មានជម្រើសផ្សេង ខណៈដែលក្រុមហ៊ុន Google ត្រូវបានសភាពអឺរ៉ុបប្ដឹងពាក់ព័ន្ធប្រើប្រាស់ឥទ្ធិពល របស់ខ្លួនក្នុងការរាំងខ្ទប់នូវគូប្រកួតប្រជែងលើប្រព័ន្ធដំណើរការ Android។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ រដ្ឋាភិបាលឥណ្ឌាបានបង្កើតច្បាប់ថ្មីសម្រាប់គ្រប់គ្រងលើហានិភ័យដែលកើតមានឡើង ជាយថាហេតុ និងកើតឡើងដោយមិនបានគ្រោងទុក ដោយក្នុងនោះគឺតម្រូវឱ្យក្រុមហ៊ុន Facebook និង Twitter បង្កើត ក្រុមការងារសម្រាប់ដោះស្រាយបញ្ហាបន្ទាន់ផងដែរ៕