(កូរ៉េ)៖ ផលិតកម្ម YG Entertainment ដែលជាជម្រករបស់ក្រុមចម្រៀងនារីល្បីឈ្មោះ BLACKPINK បានចេញមកបញ្ជាក់យ៉ាងច្បាស់នៅថ្ងៃទី១៦ ខែមិថុនានេះថា ខ្សែភាពយន្តដំបូងរបស់ក្រុមចម្រៀងនារីមួយនេះ គឺ «BLACKPINK: The Movie» នឹងត្រូវបានចាក់បញ្ចាំងនៅគ្រប់រោងកុននានាទូទាំងពិភពលោកតែម្តង នៅអំឡុងខែសីហា ខាងមុខនេះ។

បើតាមការចេញផ្សាយរបស់សារព័ត៌មាន allkpop នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ខ្សែភាពយន្តនេះនឹងយកទៅចាក់បញ្ចាំងនៅតាមបណ្តាប្រទេសប្រមាណ១០០ផ្សេងៗគ្នាលើពិភពលោក នាថ្ងៃទី០៨ ខែសីហា ឆ្នាំនេះតែម្តង ដែលវាគ្រាន់តែជាចំណែកមួយ ក្នុងចំណោមព្រឹត្តិការណ៍ធំៗ ជាច្រើនដែល YG Entertainment បានបញ្ជាក់ក្នុងគម្រោង «4+1» សម្រាប់គម្រប់ខួបគម្រប់ ៥ ឆ្នាំរបស់ក្រុម BLACKPINK។

គួរជម្រាបថា គ្រាន់តែផលិតកម្ម YG ចេញមកបញ្ជាក់ជាផ្លូវការ ពីខ្សែភាពយន្តលើកដំបូងនេះហើយ អ្នកគាំទ្រពេញពិភពលោករបស់ BLACKPINK ហាក់អន្ទះសារយ៉ាងខ្លាំង ក្នុងការទស្សនាភាពយន្តនេះ ខណៈវានឹងត្រូវបែងចែកជាផ្នែកច្រើនៗទៀតក្នុងភាពរឿងថ្មីនេះផ្ទាល់ដូចជា អនុស្សាវរីយ៍ បទសម្ភាសន៍ពិសេសដែលមិនធ្លាប់មានពីមុនមក ជាពិសេស គឺវីដេអូស្តីពីដំណើរនៃភាពជោគជ័យរបស់ BLACKPINK ចាប់ពីឆ្នាំ២០១៨ រហូតមក៕