(ម៉ូនិច)៖ ក្រោយចាប់ផ្តើមការប្រកួតពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA European Championship 2020 បាន ៥ថ្ងៃមកនេះ ឃើញថាគ្រាប់បំប៉ោងសំណាញ់ទាំង ២៤ប្រទេសដែលបានចូលរួមលើកនេះកើនដល់ ២៦គ្រាប់គិតត្រឹមបញ្ចប់ជុំទី១ នាព្រឹកថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១ តែក្នុងនោះមានកីឡាករ ៣នាក់ប៉ុណ្ណោះរកបាន ២គ្រាប់ច្រើនជាងគេ។

ដូចគ្នានោះដែរ គ្រាប់បាល់ដែលកើតឡើងដំបូង គឺជាគ្រាប់បាល់ចូលទីខ្លួនឯង (own goal) របស់ខ្សែការពារ Demiral នៅពេលតួកគីបានចាញ់មម្ចាស់ផ្ទះអ៉ីតាលីស្ពឹកមុខក្រោមលទ្ធផល ៣-០ នៅថ្ងៃបើកឆាក Euro លើកទី១៦ នេះ និងគ្រាប់នៅថ្ងៃបញ្ចប់ជុំទី១ នេះ ក៏ជាគ្រាប់បាល់ own goal ដូចគ្នារបស់ខ្សែការពារ Mats Hummels នៅពេលម្ចាស់ផ្ទះអាល្លឺម៉ង់ ចាញ់ក្រុមមាន់គកបារាំង ១-០ នៅទីក្រុង Munich ពីការប្រកួតសន្សំពិន្ទុប្រចាំពូល F ចុងក្រោយគេ។

តែយ៉ាងណា ១២ប្រកួតដែលបានបញ្ចប់ក្នុងចំណោម ៥១ប្រកួតរហូតដល់លើកពាន Euro 2020 ឈ្នះគូប្រកួតមិនឲ្យស្រក់ឈាម ពោលគឺស៊ីគឺមានតែ ២ប្រកួតរវាង ប៊ែលហ្សិកឈ្នះរុស្ស៊ី ៣-០ មុនពេលព័រទុយហ្គាល់ ដែលជាក្រុមការពារតំណែងជើងឯកនោះ ក៏ធ្វើបានលទ្ធផលនេះដូចគ្នាពេលបំបាក់ម្ចាស់ផ្ទះហុងគ្រី ពី១ប្រកួតបើកឆាករបស់ពួកគេប្រចាំពូល F។

ចំណែកឯកីឡាករខ្សែប្រយុទ្ធទាំង៣ រួមមាន Romelu Lukaku រកបាន ២គ្រាប់ម្នាក់ឯងពេលប៊ែលហ្សិកយកឈ្នះម្ចាស់ផ្ទះរុស្ស៊ី ៣-០ នៅពេល Patrik Schick ពេលសាធារណរដ្ឋឆែកយកឈ្នះម្ចាស់ផ្ទះស្កុតឡេន ២-០ និង Cristiano Ronaldo ដែលកំពុងលេងឲ្យក្លិប Juventus រកបាន ២គ្រាប់ដូចគ្នាពេលព័រទុយហ្គាល់យកឈ្នះម្ចាស់ផ្ទះហុងគ្រី ៣-០ ចុងម៉ោងយប់មិញ៕