(ភ្នំពេញ)៖ សហព័ន្ធខ្មែរកីឡាហែលទឹក បានបង្ហាញបេសក្ខភាព ៣រូបដើម្បីចូលរួមប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិក-តូក្យូ ឆ្នាំ២០២០ (Tokyo Olympic Games 2020) នៅប្រទេសជប៉ុននាចុងខែកក្កដា ឆ្នាំ២០២១ ខាងមុខ។ អត្តពលិក ដែលត្រូវបានសហព័ន្ធជ្រើសរើសចូលរួមព្រឹត្តិការណ៍កម្រិតពិភពលោកនេះ រួមមានកីឡាករ ហែម ប៊ុច និងកីឡាការិនី ម៉ីលី តានមីននិក ដែលត្រូវដឹកនាំដោយគ្រូបង្វឹក លោក ហែមថុន ពន្លឺ។

លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធបានបញ្ជាក់ថា ការបញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមប្រកួតកីឡាអូឡាំពិកនៅទីក្រុងតូក្យូនេះ ក្រោមសិទ្ធិអនុគ្រោះ (Wild Card) របស់សហព័ន្ធកីឡាហែលទឹកអន្ដរជាតិ ដ្បិតកីឡាហែលទឹកកម្ពុជាពុំបានចូលរួមប្រកួតជម្រុះនោះទេ។ តែយ៉ាងណាសហព័ន្ធរំពឹងថា ពួកគេនឹងអាចបំបែកសមិទ្ធផលចាស់របស់ខ្លួន ដើម្បីជាបទពិសោធ និងពង្រឹងសមត្ថភាពត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២១ នៅប្រទេសវៀតណាម។

អគ្គលេខាធិការខាងលើបានបញ្ជាក់ថា «ការជ្រើសរើសពួកគាត់ ២នាក់នេះ ដោយសារសហព័ន្ធអន្ដរជាតិ ឬ FINA គាត់បានកំណត់ ដោយសារពួកយើង មិនមែនជាកីឡាករដែលប្រកួតជម្រុះជាប់ ចឹងយើងចូលរួមដោយសិទ្ធិអនុគ្រោះ គឺមានសិទ្ធិប្រកួតតែ ១វិញ្ញាសាទេ គឺ ៥០ម៉ែត្រសេរីទាំងកីឡាករ-កីឡាការិនី ហើយពួកគេ ត្រូវមានសមិទ្ធផលខ្ពស់ ដើម្បីចូលរួម។ ចឹងយើងរើសនេះ ហែម ប៉ុច គឺមានសមិទ្ធផលខ្ពស់ជាងគេក្នុងជួរកីឡាករ ហើយកីឡាការិនី ឡូស៊ី តានមីននិក គាត់មានសមិទ្ធផលខ្ពស់ដូចគ្នា»

លោកបន្ដថា «អ្វីដែលយើងសង្ឃឹមខ្ពស់បំផុត គឺគាត់អាចបំបែកសមិទ្ធផលថ្មី មានន័យថា មានរយៈពេលទាប ឬលឿនជាងមុន ហើយកាន់តែមានសិទ្ធិចូលរួមការប្រកួតក្នុងតំបន់អាស៊ាន ដើម្បីឈានទៅរកមេដាយ។ ចឹងពួកគាត់បានតាំងចិត្ដខ្ពស់ ហើយយើងក៏ត្រៀមដែរ បើគាត់មកពីអូឡាំពិកវិញ កីឡាករអាចបញ្ជូនទៅហាត់នៅចិន ឯកីឡាការិនីត្រឡប់ទៅអាមេរិកវិញ ហាត់ត្រៀមស៊ីហ្គេម។ បើពួកគាត់ធ្វើបានល្អ យើងនឹងជ្រើសរើសគាត់ត្រឡប់មកវិញ តែបើមិនបានល្អ យើងនឹងរើសអ្នកផ្សេង ព្រោះនេះជាគោលការណ៍សហព័ន្ធ...»

គួរបញ្ជាក់ថា ក្នុងការប្រកួតកីឡាអូឡាំពិក-ទីក្រុងតូក្យូ ឆ្នាំ២០២០ កម្ពុជាបានទទួលសិទ្ធិអនុគ្រោះ ដើម្បីបញ្ជូនអត្តពលិកចូលរួមប្រកួត ២ប្រភេទកីឡា គឺកីឡាអត្តពលកម្ម និងកីឡាហែលទឹក បន្ទាប់ពីកីឡា ២ប្រភេទទៀតដែលបានចូលរួមការប្រកួតជម្រុះកាលពីថ្មីៗ បានធ្លាក់ជាបន្ដបន្ទាប់ រួមមានកីឡាគុនដាវ និងកីឡាតេក្វាន់ដូ។ ចំពោះកាលបរិច្ឆេទការប្រកួតព្រឹត្តិការណ៍កម្រិតពិភពលោកនេះ នឹងចាប់ផ្ដើមពីថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ ខាងមុខ នៅប្រទេសជប៉ុន៕