(ភ្នំពេញ)៖ គណៈកម្មការរៀបចំធ្វើចំណាត់ថ្នាក់សាកលវិទ្យាល័យឈ្មោះថា «The World’s Universities with Real Impact Ranking 2021 (WURI 2021)» បានប្រកាសថា សាកលវិទ្យាល័យជាតិគ្រប់គ្រង បានជាប់ចំណាត់ថ្នាក់ ក្នុងបញ្ជីសាកលវិទ្យាល័យពិភពលោកបីប្រភេទផ្សេងៗគ្នា។

លោកបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការ បានឲ្យដឹងថា សាកលវិទ្យាល័យជាតិគ្រប់គ្រង ទទួលបានចំណាត់ថ្នាក់លើគម្រោងបី ក្នុងចំណោមគម្រោងបួនរបស់ខ្លួន ដែលបានចូលរួមប្រកួតប្រជែង។ លោកសង្កត់ធ្ងន់ថា ការធ្វើចំណាត់ថ្នាក់សាកលវិទ្យាល័យពិភពលោករបស់ WURI2021 នេះ ផ្អែកលើមូលដ្ឋាននវានុវត្តភាព និងផលប៉ះពាល់នៃការអប់រំទៅលើការអភិវឌ្ឍសង្គម។

លោកបណ្ឌិត ហោ ប៉េង បានថ្លែងបន្ដថា សម្រាប់ឆ្នាំ២០២១នេះ សាកលវិទ្យាល័យទូទាំងពិភពលោក បានដាក់ពាក្យស្នើសុំចូលរួមប្រកួតប្រជែងគម្រោងរបស់ខ្លួន សរុបចំនួន ៥៣៤គម្រោង ហើយចែកចេញជា៥ប្រធានបទ គឺ៖
១៖ ការប្រើប្រាស់លទ្ធផលសម្រាប់ស្រាវជ្រាវ និងការអប់រំ (Industrial Application of Research and Education)
២៖ ស្មារតីសហគ្រិនភាព និងការផ្តួចផ្តើមអាជីវកម្ម (Entrepreneurial Spirit and Starts-Up)
៣៖ តម្លៃក្រមសីលធម៌ និងការទទួលខុសត្រូវសង្គម ( Ethical Value and Social Responsibility)
៤៖ ការចល័តនិស្សិត និងការបើកទូលាយ (Student Mobility and Openness)
៥៖ ការគ្រប់គ្រងហានិភ័យ (Crisis Management)

សាកលវិទ្យាល័យជាតិគ្រប់គ្រង បានសម្រេចចូលរួមប្រកួតប្រជែងគម្រោង ចំនួន៤ ដែលស្ថិតក្នុងប្រធានបទ ទី២, ៣, ៤ និង៥។ ជាលទ្ធផល សាកលវិទ្យាល័យបានទទួលចំណាត់ថ្នាក់ WURI 2021: Top 50 សម្រាប់គម្រោងចំនួនបីដូចខាងក្រោម៖

*NUM Social Innovation Lab ជាប់ចំណាត់ថ្នាក់លំដាប់ខ្ពស់ទី២៦ លើ៥០ សម្រាប់ផ្នែកស្មារតីសហគ្រិនភាព និងការផ្តួចផ្តើមអាជីវកម្ម (Entrepreneurial Spirit and Starts-Up)។ NUM Social Innovation Lab ជាគម្រោងដែលបណ្តុះនិស្សិតឱ្យមានសហគ្រិនភាព និងគំនិតច្នៃប្រឌិតក្នុងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក Global Innovation Management និងការអនុវត្តភាពជាដៃគូជិតស្និទ្ធជាមួយដៃគូនានា។ល។

*គម្រោងសុចរិតភាព ក្រមសីលធម៌ និងការទទួលខុសត្រូវសង្គមរបស់សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM Social Responsibility, Ethics and Integrity) ជាប់ចំណាត់ថ្នាក់លំដាប់ខ្ពស់ទី៣៧ លើ៥០ សម្រាប់តម្លៃក្រមសីលធម៌ និងការទទួលខុសត្រូវសង្គម (Ethical Value and Social Responsibility)។ គម្រោងនេះត្រូវបានរៀបចំ និងអនុវត្តកម្មវិធី LeX (Learning Express Program) របស់ Singapore Polytechnic ដែលផ្តើមចេញពីការផ្លាស់ប្តូរបុគ្គលិក និងនិស្សិតរបស់ខ្លួនទៅវិញទៅមកឲ្យចូលរួមវគ្គសិក្សាទ្រឹស្តី និងអនុវត្តផែនការសកម្មភាពនានារបស់គម្រោងលើកកម្ពស់សុខុមាលភាពសហគមន៍។

*គម្រោងកែប្រែពីការសិក្សាក្នុងថ្នាក់ ទៅជាការសិក្សាតាមប្រព័ន្ធអនឡាញ និងហាយប្រ៊ីដក្នុងបរិបទនៃការការពាររោគរាតត្បាតនៃជំងឺកូវីដ-19 ជាប់ចំណាត់ថា្នក់លំដាប់ខ្ពស់ទី៣៣ លើ៥០ សម្រាប់ផ្នែកគ្រប់គ្រងហានិភ័យ (Crisis Management)។ ដើម្បីទទួលបានជោគជ័យ ក្នុងការអនុវត្តគម្រោងនេះ សាកលវិទ្យាល័យបានខិតខំរិះរកគ្រប់មធ្យោបាយ សម្រាប់ប្រព័ន្ធសិក្សាតាមអនឡាញ និងហាយប្រ៊ីដ កែលម្អមូលដ្ឋានសម្ភារក្នុងវិបត្តិកូវីដ-19 អនុវត្តឲ្យបានហ្មត់ចត់គោលនយោបាយរបស់រដ្ឋាភិបាល និងការណែនាំក្រសួងសុខាភិបាលក្រសួងសុខាភិបាល។

ជាងនេះទៅទៀត សម្រាប់ឆ្នាំសិក្សានេះ គណៈកម្មការសម្ពន្ធ័សាកលវិទ្យាល័យ បានផ្តល់លំដាប់ថ្នាក់កំពូល ជូនសាកលវិទ្យាល័យ MIT លំដាប់លេខ១ និងសាកលវិទ្យាល័យ Stanford លំដាប់កំពូលលេខ២ និងសាកលវិទ្យាល័យជាតិគ្រប់គ្រង បានលំដាប់ថ្នាក់ ក្នុងចំណោម២០០។នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត ហោ ប៉េង។

សាកលវិទ្យាធិការសាកលវិទ្យាល័យជាតិគ្រប់គ្រងរូបនេះ បានថ្លែងបន្ដថា នេះគឺជាលទ្ធផលប្រកបដោយមោទនភាពយ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ មន្រ្តីរាជការ បុគ្គលិក និស្សិត និងភាគីពាក់ព័ន្ធទាំងអស់ ហើយក៏បង្ហាញឲ្យឃើញថា សាកលវិទ្យាល័យជាតិគ្រប់គ្រងបាន និងកំពុងបោះជំហានចូលក្នុងបរិបទសាកលភាវូបនីយកម្ម និងកម្រិតអន្តរជាតិ។

គួរបញ្ជាក់ផងដែរថា សាកលវិទ្យាល័យជាតិគ្រប់គ្រង ជាសាកលវិទ្យាល័យរដ្ឋចំណាស់មួយនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបង្កើតឡើងកាលពីឆ្នាំ១៩៨៣។ ក្នុងឆ្នាំសិក្សា២០២១-២០២១នេះ សាកលវិទ្យាល័យជាតិគ្រប់គ្រង មាននិស្សិតសរុបចំនួន ១៣,៨៤៤នាក់ ក្នុងនោះនិស្សិតថ្នាក់បរិញ្ញាបត្រចំនួន ១៣,០៥៥នាក់ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៧៦៤នាក់ និងថ្នាក់បណ្ឌិតចំនួន២៥នាក់។

សាកលវិទ្យាល័យ មានកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រចំនួន២២ជំនាញឯកទេស ជាមួយនេះកម្មវិធីអន្តរជាតិ (ប្រើប្រាស់ជាភាសាអង់គ្លេសដោយមានកិច្ចសហប្រតិបត្តិការជាមួយសាស្ត្រាចារ្យ និងសាកលវិទ្យាល័យបរទេស) មានចំនួន៧កម្មវិធីសិក្សារួមមាន៖ International Business (iBBA), Entrepreneurship & Innovation (iBBA), Digital Economy (iBSc), Financial Technology (iBSc.), Smart City Planning Management (iBSc.), Robotic Engineering (iBSc.) និង International Law (iLLB)។

គួររំលឹកដែរថា បច្ចុប្បន្នសាកលវិទ្យាល័យជាតិគ្រប់គ្រង ជាសមាជិកនៃបណ្តាញសាកលវិទ្យាល័យពាណិជ្ជកម្មពិភពលោក (Global Business School Network, GBSN)៕