(រ៉ូម)៖ ខ្សែបម្រើបាល់ទាត់ក្រុមជម្រើសជាតិអ៉ីតាលី Manuel Locatelli បានធ្វើត្រាស់តាមកំពូលកីឡាករក្រុមជម្រើសជាតិព័រទុយហ្កាល់ Cristiano Ronaldo គឺសកម្មភាពដកដបកូកាកូឡាចេញពីមុខរបស់គាត់ ក្នុងពេលធ្វើសន្និសីទសារព័ត៌មាន នៃព្រឹត្តិការណ៍ Euro 2020 នៅរាត្រីថ្ងៃពុធ។

យោងតាមការផ្សាយដោយសារព័ត៌មាន Metro របស់អង់គ្លេស នៅថ្ងៃព្រហស្បត្តិ៍ ទី១៧ ខែមិថុនានេះ បញ្ជាក់ថា មិនត្រឹមតែដកដបកូកាកូឡាចេញពីមុខទេ គឺកីឡាករ ឡូកាតេលី ថែមទាំងនិយាយពាក្យដូចកីឡាករ រ៉ូណាល់ដូ ដែលធ្លាប់ធ្វើ ដោយណែនាំឲ្យទទួលទានទឹកជំនួសភេសជ្ជៈមានជាតិស្ករ ដោយពាក្យមួយឃ្លាក្នុងភាសាព័រទុយហ្កាល់នេះគឺ «Agua» (មានន័យជាខេមរភាសាថា «ទឹក»)។

តារាឆ្នើមព័រទុយហ្កាល់ គឺលោក រ៉ូណាល់ដូ ត្រូវបានគេមើលឃើញថា ធ្វើសកម្មភាពគួរឲ្យភ្ញាក់ផ្អើល នៅពេលគាត់ដកដបភេសជ្ជៈមានឧស្ម័នច្រើន និងស្ករផងនោះ ចេញពីតុដែលគាត់អង្គុយ ខណៈនិយាយទៅកាន់បណ្តាញសារព័ត៌មានកាលពីថ្ងៃចន្ទ។ រ៉ូណាល់ដូ បានដកដបកូកាកូឡាចេញពីមុខកាំមេរ៉ា ហើយលើកដបទឹកសុទ្ធមកដាក់មុខកាំមេរ៉ា ជំនួសវិញ។

សកម្មភាពរបស់ រ៉ូណាល់ដូ បានធ្វើឲ្យកក្រើកពេញពិភពលោក ខណៈក្នុងនាមគាត់ជាបុគ្គលល្បីលើពិភពលោក ទៅជំរុញអ្នកគាំទ្ររាប់លាននាក់ ឲ្យទទួលទានទឹកបែបនេះ ដោយបានធ្វើឲ្យក្រុមហ៊ុនកូកាកូឡាខាតបង់ប្រាក់ ៤ប៊ីលានដុល្លារ ក្នុងតម្លៃទីផ្សារ។

មានសកម្មភាពមួយទៀត ដែលបានកើតឡើងស្រដៀងគ្នានេះដែរ កាលពីរាត្រីថ្ងៃអង្គារ គឺខ្សែបម្រើក្រុមជម្រើសជាតិបារាំង Paul Pogba ដែលជាអ្នកកាន់សាសនាម៉ូស្ល៉ីមផងនោះ ដកដបស្រាបៀរ Heineken ចេញពីតុគាត់អង្គុយ ពេលធ្វើសន្និសីទសារព័ត៌មាន។

ឥឡូវនេះ ខ្សែបម្រើអ៉ីតាលី បានក្លាយជាកីឡាករបាល់ទាត់ទី៣ ដែលធ្វើឲ្យបាក់មុខ អ្នកផ្តល់ការឧបត្ថម្ភព្រឹត្តិការណ៍ Euro 2020 តាមរយៈការធ្វើសកម្មភាពដូច រ៉ូណាល់ដូ គ្មានខុសត្រង់ណាបន្តិចសោះ។ ឡូកាតេលី ដែលជាខ្សែបម្រើកំពុងលេងឲ្យក្លឹប Sassuolo ផងនោះ បានជាប់ជាកីឡាករល្អ UEFA’s Star of the Match បន្ទាប់ពីក្រុមអ៉ីតាលីយកឈ្នះស្វីស ៣ទល់នឹង០ កាលពីយប់ថ្ងៃពុធ។

នៅពេលដែលគាត់បានមកដល់កន្លែងធ្វើសន្និសីទសារព័ត៌មាន បន្ទាប់ពីការប្រកួតបញ្ចប់ គាត់បានដកដបកូកាកូឡាចេញ ហើយដាក់មកវិញនូវទឹកសុទ្ធ ដោយចម្លងពាក្យសម្តីរបស់ រ៉ូណាល់ដូ មួយឃ្លា «Aqua» ទៅកាន់មន្ត្រីរៀបចំសន្និសីទ។

សូមជម្រាបថា សកម្មភាពរបស់ រ៉ូណាល់ដូ ធ្លាប់បានបង្ខំឲ្យក្រុមហ៊ុនកូកាកូឡា ចេញសេចក្តីថ្លែងការណ៍បន្ទាន់មួយ។ ក្នុងសេចក្តីថ្លែងការណ៍នោះ បញ្ជាក់យ៉ាងដូច្នេះថា «មនុស្សគ្រប់គ្នាមានសិទ្ធិក្នុងការទទួលទានអ្វីដែលពួកគេចូលចិត្ត ហើយមនុស្សគ្រប់គ្នាក៏មានរសនិយម និងសេចក្តីត្រូវការខុសៗគ្នាផងដែរ»