(ភ្នំពេញ)៖ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួត Play-Off ដើម្បីប្រជែងកៅអីជុំទី៣ នៃការប្រកួតជម្រុះជើងឯកទ្វីបអាស៊ី ឆ្នាំ២០២៣ (AFC Asian Cup China 2023) នៅចិន បន្ទាប់ពីកម្ពុជាបានបញ្ចប់ចំណាត់ថ្នាក់មិនបានល្អ ក្នុងការប្រកួតជម្រុះពានរង្វាន់ FIFA World Cup 2022 ពូល C (ជុំទី២) កាលពីថ្មីៗ ពោលគឺស្ថិតក្នុងចំណោមក្រុមចំណាត់ថ្នាក់លេខ៥ អន់ជាងគេ ជាមួយ ៣ក្រុមផ្សេងទៀតរួមមានឥណ្ឌូនេស៊ី ឆាយនីសតៃប៉ិ និងកោះហ្គាំ។

សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានកំណត់រូបមន្ដប្រកួតជម្រុះជើងឯកទ្វីបអាស៊ី សម្រាប់ជុំទី៣ ជាផ្លូវការហើយ បន្ទាប់ពីរកឃើញ ១២ក្រុម ឡើងជុំផ្ដាច់ព្រ័ត្រនាឆ្នាំ២០២៣ និងជាក្រុមឡើងជុំទី៣ នៃវគ្គជម្រុះពានរង្វាន់ FIFA World Cup 2022។ ប៉ុន្ដែចំពោះក្រុមនៅសល់ នឹងត្រូវធ្វើការប្រកួតជម្រុះ AFC Asian Cup ជុំទី៣ លើកលែងតែកម្ពុជា ឥណ្ឌូនេស៊ី ឆាយនីសតៃប៉ិ និងកោះហ្គាំ ដែលត្រូវប្រកួត Play-Off ដើម្បីស្វែងរក ២កៅអីបំពេញជុំទី៣ នៃពានជើងឯកទ្វីបអាស៊ីនេះ។

តាមការបញ្ជាក់របស់សហព័ន្ធកីឡាបាល់កម្ពុជា FFC បានឲ្យដឹងថា ការប្រកួត Play-Off នេះ AFC នឹងរៀបចំពិធីចាប់ឆ្នោតនាថ្ងៃទី២៤ ខែមិថុនាខាងមុខ ដោយក្រុមគោព្រៃកម្ពុជា និងឥណ្ឌូនេស៊ី ស្ថិតក្នុង Pot-1 ជាមួយគ្នា ខណៈក្រុមឆាយនីសតៃប៉ិ និងកោះហ្គាំ ស្ថិតក្នុង Post-2។ ដូច្នេះការចាប់ឆ្នោត កម្ពុជាអាចនឹងជួបឆាយនីសតៃប៉ិ ឬកោះហ្គាំ ដែលស្ថិតក្នុង Pot ផ្សេងគ្នា។ ចំពោះកាលបរិច្ឆេទប្រកួត Play-Off ជើងទី១ នឹងប្រកួតនាថ្ងៃទី០៧ ខែកញ្ញា ខណៈជើងទី២ នឹងប្រកួតនាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១។

សម្រាប់ក្រុមដណ្ដើមបានជ័យជម្នះក្នុងការប្រកួត Play-Off នឹងឡើងទៅបង្គ្រប់កៅអីជុំទី៣ នៃការប្រកួតជម្រុះ AFC Asian Cup 2023 ដោយមាន ២២ក្រុមដែលធ្លាក់ត្រឹមជុំទី២ នៃវគ្គជម្រុះ FIFA World Cup 2022 រួមមានក្រុមលេខ២ អន់ជាងគេ ៣ក្រុម, ក្រុមលេខ៣ និងលេខ៤ នៃពូលនីមួយៗចំនួន ១៦ក្រុម និងក្រុមលេខ៥ ល្អជាងគេ ៣ក្រុម កំពុងឈរចាំ។ ចំពោះការប្រកួតជុំទី៣ គ្រោងប្រកួតនាឆ្នាំ២០២២ ដើម្បីចម្រាញ់រកក្រុមខ្លាំង ១១ក្រុមឡើងទៅបង្គ្រប់កៅអីជុំផ្ដាច់ព្រ័ត្រនៃជើងឯកទ្វីបអាស៊ី ឆ្នាំ២០២៣ ដែលមានចិនធ្វើម្ចាស់ផ្ទះ៕