(រ៉ូម៉ានី)៖ ក្រុមជម្រើសជាតិប៊ែលហ្ស៊ីក រកបាន ៣ពិន្ទុបន្ថែមក្រោយយកឈ្នះក្រុមជម្រើសជាតិដាណឺម៉ាក ក្នុងលទ្ធផល ២-១ នៅរាត្រីថ្ងៃទី១៧ ឈានចូលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ នៃការប្រកួតសន្សំពិន្ទុជុំទី២ ប្រចាំពូល B ក្នុងពឹ្រត្តិការណ៍ជើងឯកអឺរ៉ុប UEFA European Championship 2020 ធ្វើឡើងក្នុងកីឡដ្ឋាន Parken ស្ថិតក្នុងទីក្រុង Copenhagen ប្រទេសដាណឺម៉ាក។

ជំនួបដ៏ស្វិតស្វាញក្រុមដាណឺម៉ាក រកបាន ១គ្រាប់នាំមុខមុនដោយកីឡាករ Yussuf Poulsen ត្រឹមចាប់ផ្តើមលេងបាន ២នាទីក្នុងវគ្គទី១ ខណៈចូលដល់វគ្គទី២ ក្រុមប៊ែលហ្ស៊ីក ក៏អាចរកគ្រាប់តាមស្មើវិញនៅនាទី៥៥ ពីការស៊ុតរបស់កីឡាករ Thorgan Hazard ហើយខ្សែបម្រើឆ្នើម Kevin De Bruyne ស៊ុតបានសម្រេចនៅនាទី៧១ ដែលជាគ្រាប់ជ័យជម្នះ។

ខណៈនេះក្រុមប៊ែលហ្ស៊ីក រកបាន ៦ពិន្ទុជាក្រុមទី២ ដែលបានកក់កៅអីឡើងវគ្គ ១៦ក្រុមចុងក្រោយជាមួយក្រុមអីតាលី ចេញពីពូល A គ្រាដែលក្រុមប៊ែលហ្ស៊ីក និងត្រូវបន្តប៉ះក្រុមហ្វាំងឡង់ ហើយក្រុមដាណឺម៉ាក ត្រូវជួបក្រុមរុស្ស៊ី នៅប្រកួតចុងក្រោយជុំទី៣៕