(អាហ្សាក់)៖ ក្រុមបាល់ទាត់ជម្រើសជាតិទឹកក្រូវហូឡង់ បានក្លាយជាក្រុមទី៣ ដែលបានកក់កៅអីទៅវគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់អឺរ៉ុប UEFA Euro 2020 បន្ទាប់ពីបំបាក់អូទ្រីស ២-០ ដែលជាជ័យជម្នះលើកទី២ របស់ពួកគេប្រចាំពូល C។

ក្រុមដែលខកខាន FIFA World Cup 2018 បានចូលរួមជាមួយអ៉ីតាលី និងប៊ែលហ្សិក ក្នុងការឈ្នះកៅអីទៅលេងវគ្គចាញ់-ធ្លាក់ជាបន្តទៀត នៅពេលរកបានជ័យជម្នះ ២ប្រកួតជាប់ៗគ្នានៃការប្រកួតដែលបានយកឈ្នះអ៊ុយក្រែន ៣-២ នៅថ្ងៃបើកឆាក មុនមកឈ្នះអូទ្រីស ២-០ នៅកីឡដ្ឋានដែលស្ថិតក្នុងទីក្រុង Ajax ប្រទេសហូឡង់តែម្តងនារាត្រីឈានចូលថ្ងៃសុក្រ ទី១៨ ខែមិថុនា ឆ្នាំ២០២១។

ការទាត់បាល់ពិន័យ ១១ម៉ែត្ររបស់ខ្សែប្រយុទ្ធ Memphis Depay នៅនាទី១១ និងមិត្តរួមក្រុម Dumfries រកបានគ្រាប់ទី២ នៅនាទី៦៧ ពីការបញ្ជូនរបស់ Malen បានធ្វើឲ្យហូឡង់ឈ្នះកៅអី១ ដើម្បីឡើងទៅលេងវគ្គ ១៦ក្រុមជាបន្តទៀត បើទោះបីជានៅសល់ ១ប្រកួតទៀតត្រូវប៉ះម៉ាសេដូនីក៏ដោយ។

ហូឡង់ នឹងត្រូវប៉ះគូប្រជែងក្នុងវគ្គ ១៦ក្រុមចុងក្រោយ រវាងក្រុមដែលបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ពីក្នុងពូល D, E ឬពូល F ទៅតាមរូបមន្តរបស់ UEFA៕